Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងបន្ត ធ្វើការកែទម្រង់ស៊ីជម្រៅ ព្រមទាំងប្រកាន់ខ្ជាប់អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

ភ្នំពេញ ៖ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍ អន្តរជាតិ។ រាជរដ្ឋាភិបាលនឹងបន្ត ធ្វើការកែទម្រង់ស៊ីជម្រៅ ព្រមទាំងប្រកាន់ខ្ជាប់អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការបន្តពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្តកែទម្រង់លើវិស័យសំខាន់ៗ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ការជំរុញបរិវត្តកម្មឌីជីផល ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ ការបង្កើនប្រភពថាមពលអគ្គិសនី ការអភិវឌ្ឍវិស័យឧស្សាហក សិប្បកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់នូវផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយសំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។ នេះជាប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

សម្តេចធិបតីបន្តថា ៖ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋា
ភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ”និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលប្តេជ្ញាបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាងនិងការពារមាតុភូមិជាទីស្នេហានៃយើង។ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាទីមេត្រី បងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨នេះ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូម លំឱនកាយវាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតា ឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាជនខ្មែរ ជាកូន ចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។

សម្តេចធិបតីបានថ្លែងថា ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមប្រគេនព្រះពរចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈ និងព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះសុខភាព ល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទក្នុង ព្រះរាជាណាចក្រកម្ពុជា យូរអង្វែងតទៅ។

សម្តេចសូមជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបាននិងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាលដែលបាននិងកំពុងរួមចំណែកការពារបូរណភាពទឹកដីនិងថែរក្សាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៃមាតុភូមិ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន កម្មករ កសិករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជ សូមទទួលបាននូវភាពជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ។

សម្តេចធិបតី សូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី អភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និង ប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហា គ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ ៕ដោយ៖ សិរី នាគ

 

 

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *