Breaking News

ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម មិនឃើញមានសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមន ចាត់វិធានការបង្ក្រាបនោះឡើយ

ខ្សឹប ៖ ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់ប្រទេសមួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម នៅតាមបណ្ដោយផ្លូវលេខ 474 ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ ដោយមិនឃើញមានសមត្ថកិច្ចអាជ្ញាធរដែនដីសង្កាត់ខណ្ឌចាត់វិធានការបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងនោះហើយបានជាស្ងៀមឈឹងយ៉ាងនេះ។

ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើអាជ្ញាធរសង្កាត់ខណ្ឌឆ្លើយថា មិនដឹងអំពីបញ្ហាទីតាំងកត់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 474 នោះដូចជាមិនទំនងសោះពីព្រោះថា មានអ្នកចាក់បាល់ដែលចតម៉ូតូព្រោងព្រាតលើចិញ្ចើមផ្លូវ ដោយមិនខ្វល់អំពីបញ្ហាសណ្ដាប់ធ្នាប់នោះឡើយ។ ពួកអ្នកញៀនល្បែងភ្នាល់បាល់កេណ្ឌគ្នាទាំងហ្វូងចូលទៅចាក់បាល់នៅទីតាំងខាងលើដោយមិនខ្វល់អំពីបញ្ហាអ្វីឡើយ។ ដូច្នេះបើអាជ្ញាធរឆ្លើយថាមិនដឹងអំពីទីតាំងកត់បាល់នេះមើលទៅដូចជាមិនទំនងទេ។ ប៉ុន្តែគេអាចឆ្លើយឲ្យរួចតែពីមាត់បាន។

តាំងព្រឹកព្រលឹមរហូតដល់យប់ម៉ូតូរាប់សិបគ្រឿងបន្តកន្ទុយគ្នាចេញ-ចូលដើម្បីទៅចាក់បាល់នៅទីតាំងខាងលើ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់នោះយល់ថាម្ចាស់ទីតាំងអាចមានខ្នងបង្អែកធំរឹងមាំទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះនិងម្យ៉ាងទៀតម្ចាស់ទីតាំងអាចសែនព្រេនត្រូវរ៉ូវជាមួយអាជ្ញាធរដែនដីទើបអាចដំណើរការបានជាចំហរដោយមិនខ្លាចមានការចាប់បង្ក្រាបពីសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដី។ នៅពីក្រោយការបើកចំហកន្លែងចាក់បាល់ដ៏គគ្រឹកគគ្រេងនេះការពិតយ៉ាងណានោះគ្មាននរណាដឹងឡើយ។

ប្រជាពលរដ្ឋលើកជាចម្ងល់ថា រាជរដ្ឋាភិបាលបានកំណត់ថាការចាក់ភ្នាល់បាល់ជាទង្វើខុសច្បាប់របស់ប្រទេសជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌចំការមននៅតែបណ្ដោយឲ្យល្បែងភ្នាល់បាល់ខុសច្បាប់ប្រទេសនេះនៅបន្តបើកដំណើរការជាចំហរមួយយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ។ ឬមួយអាជ្ញាធរខណ្ឌចំការមនយល់ថា ទីតាំងកត់ភ្នាល់បាល់នេះស្របច្បាប់ប្រទេសជាតិ?បើយ៉ាងដូច្នេះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរចុះទៅយកពន្ធនៅទីកន្លែងបទភ្នាល់បាល់នេះផងទៅ៕SRN

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *