កំពត៖ សាលាដំបូងខេត្តកំពត បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជិត ១០០គណនី ព្រមទាំងបង្កកអចលនវត្ថុជិត ១.៨០០ក្បាលដី។ ជាមួយនោះក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ និងបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទជាច្រើននាក់ទៀត។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖
១.បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី។
២. បានសម្រេចបង្កកអចលនវត្ថុ(ដី)ចំនួន ១.៧៩១ក្បាលដី។
៣. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ៩នាក់ ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
៤. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួសដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សេចក្តីប្រកាស បានបញ្ជាក់ថា សាលាដំបូងបានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥.៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។
អ្នកនាំពាក្យបានបញ្ជាក់ថា សាលាដំបូងខេត្តកំពតកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌តាមច្បាប់ និងនីតិវិធីជាធរមាន៕SRN