កណ្តាល៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តស្ដង់ដាសាលាគំរូ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម បន្តថា៖ ការចុះទស្សនកិច្ចនេះ ក្នុងគោលដៅ ដើម្បីជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ ថាក្រសួងមានជម្រើសពីរសំខាន់ ទីមួយគឺការបន្តពង្រឹង ដំណើរការសាលារៀនជាសាលាគំរូបន្តទៀត និងទីពីរ គឺប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសនេះ ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីអាចឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសពង្រឹងបន្ថែមនូវវិធីសាស្ត្របង្រៀន និងរៀនសូត្របន្ថែមទៀតនូវវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន ។
ឯកឧត្តមបន្ថែមថា៖ បច្ចុប្បន្ននេះសាលារៀនជំនាន់ថ្មី មានត្រឹមតែ១១ សាលាទេ នាពេលអនាគតក្រសួងអប់រំនឹងបង្កើនចំនួនសាលារៀនបន្ថែមទៀត។ ចំពោះសាលារៀនជំនាន់ថ្មី ក្រសួងនឹងវិនិយោគទៅលើបន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បង្កើតទៅជាបណ្ណាល័យសតវត្សទី២១ មានអ៊ីនធឺណែត ហើយបង្កើតជាកម្មវិធីផ្សេងៗដូចជាក្លឹបសិក្សា លើកទឹកចិត្តឱ្យមានក្លឹបរបូតតិច ផ្នែកតែងនិពន្ធ ផ្នែកវិទ្យាសាស្ត្រ រៀបចំពិពណ៌ស្នាដៃប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្តឲ្យសិស្សមានការស្រាវជ្រាវ ប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបទំនើប ឱ្យសិស្សចេះគិត ចេះពិចារណា បណ្ដុះបំណិនសតវត្សទី២១ លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៕SRN