ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងបី អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រងឱ្យបានចំពោះមុខសញ្ញាដែលបង្ករភាពអសន្តិសុខសង្គម សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសមុខសញ្ញាក្រុមក្មេងទំនើង និងមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តកណ្ដាល មានរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបល្បែងស៊ីសង បទល្មើសគ្រឿងញៀន និងគ្រប់មុខសញ្ញាក្មេងទំនើងទាំងអស់ កម្លាំងទាំងបី អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ មុខសញ្ញាគ្រឿងញៀន និងសកម្មភាពក្មេងទំនើង បានបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលតម្រូវឱ្យកងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាដើម្បីឱ្យមូលដ្ឋានរបស់ខ្លួន គ្មានបទល្មើសរឿងញៀន ចោរកម្ម និងក្មេងទំនើងឡើយ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីការពារដំណើរការរៀបចំការបោះឆ្នោតឱ្យដំណើរការ ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ ប្រកប ដោយជោគជ័យ។
តាមរបាយការណ៍របស់គណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បទល្មើសកើតឡើង៤១ករណី រួមមាន៖ លួចមានស្ថានទម្ងន់ ឃាតកម្ម រំលោភសេពសន្ថវៈ ឆក់ ហិង្សាដោយចេតនា និងបំពានខាងផ្លូវភេទដ៏ទៃទៀត បណ្តាលឱ្យមនុស្សស្លាប់ចំនួន03នាក់ របួស១៩នាក់ បានបង្ក្រាប ចំនួន៣៧ករណី ស្មើនឹង៩០%, បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៥០ករណី ចាប់បានមនុស្ស៨៩នាក់, បង្ក្រាបក្មេងទំនើងបានចំនួន១៧ករណី ឃាត់ខ្លួន៧៥នាក់ បានធ្វើកិច្ចសន្យាអប់រំ១៣ករណី មនុស្ស៦២នាក់ និងចាត់វិធានការច្បាប់០៤ករណី និងបង្ក្រាបល្បែងស៊ីសងបាន០៦ករណី ឃាត់ខ្លួនបាន០៦នាក់ បានបញ្ជូនទៅតុលាការ៕SRN