Breaking News

វគ្គគាំទ្រសាលារៀនគោលដៅ ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.អ)

ខេត្តកណ្ដាល៖ គណៈគ្របគ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសហគមន៍ នៃសាលាគោលដៅចំនួន៥ ក្នុងខេត្តកណ្ដាល ទទួលបានវគ្គគាំទ្រសាលារៀនគោលដៅ ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.អ) ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ នៅសាលប្រជុំសាលាស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ 

ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានមានប្រសាសន៍ថា៖ វិស័យអប់រំជាវិស័យអាទិភាពទី១ ដើម្បីអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់តាំងពីកិច្ច ប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី ដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ៖ ទី១ ការពង្រឹងអភិបាលកិច្ច សាលារៀន, ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន និងទី៤- ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ 

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បន្តថា៖ វគ្គនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីវិធានការគន្លឹះ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល នៅកម្រិតអ្នកអនុវត្តកិច្ចការដោយផ្ទាល។ ជួបគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោលផ្នែកគាំទ្រសាលារៀន និងភាគីសាលារៀនគោលដៅ ដើម្បីចាប់ផ្តើមអនុវត្តសកម្មភាពគាំទ្រសាលារៀន។ បង្កើនការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយជំរុញដំណើរការអនុវត្តវិធានការគន្លឹះនៅតាមសាលារៀនគោលដៅឱ្យទទួលបានជោគជ័យ។ បង្កើនទំនុកចិត្ត និងផ្តល់ការគាំទ្រពេញទំហឹងពីសំណាក់លេខាធិការដ្ឋាន គ.វ.អ. ដល់ សាលារៀនគោលដៅទាំងអស់ ឱ្យអនុវត្តភារកិច្ចប្រកបដោយភាពជឿជាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានជួយគាំទ្រការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ជាពិសេសបានជួយគាំទ្រពង្រឹងសាលារៀនគោលដៅចំនួន៥នៅក្នុងខេត្តកណ្ដាល រួមមាន៖ សាលាបឋមសិក្សាវត្តត្នោត, សាលាបឋមសិក្សាដំណាក់អំពិល, សាលាបឋមសិក្សាពងទឹក, សាលាបឋមសិក្សា ទេពប្រណម្យ, និងសាលាបឋមសិក្សាព្រៃទទឹង។ 

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ កំណែទម្រង់វិស័យអប់រំ ពិសេសវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងនោះបានបញ្ចូលនូវទ្រឹស្តីមនសិការជាតិ, គុណធម៌, សីលធម៌ ឥរិយាបទរស់នៅ ទៅក្នុងការបណ្តុះបណ្តាលចាប់តាំងពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ដែលជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់គ្រឹះសង្គម។ 

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់លទ្ធផលប្រឡង ប្រណាំងនាយកល្អ គ្រូល្អ និងសាលាស្អាត ខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកនាយកល្អ គឺ លោក សឿង រដ្ឋា នាយកវិទ្យាល័យ សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ក្នុងស្រុកកណ្តាលស្ទឹង ជ័យលាភីសាលារៀនគំរូ ចំនួន ៩ សាលា៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *