ខេត្តតាកែវ ៖ ក្មេងទំនេីងជាសិស្សវិទ្យាល័យម្នាក់ ត្រូវបានកម្លាំងនគបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីនាំគ្នាជិះម៉ូតូដេញវាយគូរជម្លោះក្នុងចំណោម០៧នាក់(២ក្រុម) ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារ“ អែស អរ អិន ” ទទួលបាននាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការ សម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន ០១នាក់ ក្នុងចំណោម០៧នាក់(២ក្រុម) ពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ជនសង្ស័យមានឈ្មោះ ជា ថាវិន ភេទប្រុសអាយុ ១៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី 11Aនៃវិទ្យាល័យតេជោហ៊ុនសែនអង្គសោម ចំណែកបក្សពួកទាំងពីរក្រុមនេះ សមត្ថកិច្ចជំនាញបានក្តាប់មុខសញ្ញាអស់ហើយនិងកំពុងធ្វើសាវតាមចាប់ខ្លួនដេីម្បីសាងសំណុំរឿងតាមនីតិវិធី៕SRN