Breaking News

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក”

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅល្ងាចថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី” ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ។

«អ្នកស្នងមរតក» គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈ និងគឺជាការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។ប្រទេសជាតិកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមិនត្រឹមតែមិនមាន ឱកាសកសាងធនធានសិល្បករប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបាត់បង់សិល្បករល្បីៗ អ្នកនិពន្ធ អ្នកសម្ដែង និង អ្នកចម្រៀង ដែលអ្នកទាំងនោះត្រូវផ្ទេរចំណេះ ជំនាញ និងទេពកោសល្យ ដល់សិល្បករជំនាន់ក្រោយ។ កម្មវិធីអ្នកស្នង មរតកនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការគិតគូរ ដោយផ្តោតលើការរក្សាចាស់ បង្កើតថ្មី និង អភិវឌ្ឍន៍ថ្មី។

ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការបន្តគោលនយោបាយ សម្រាប់កិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឱកាសថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាល ចំពោះមរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរ:សិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកការពារ និងលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានរីកចម្រើនគង់វង្សរហូតមក។

គ្រប់សិល្បករ សិល្បការិនីគ្រប់ទម្រង់ គឺជាដែលផ្តល់នូវគំរូនៃការប្រតិបត្តិប្រពៃណី ថែរក្សាវប្បធម៌ដ៏ផូផង់ ជាអ្នកផ្តល់ការបណ្តុះបណ្តាល ផ្តល់ខ្លឹសារអប់រំ ជួយពង្រីកសកម្មភាពវិជ្ជមាន បង្កើនការយល់ដឹង ហើយរួមគ្នាក្នុងការផ្សាយអំពីកម្ពុជារបស់យើង។

ជាមួយគ្នានេះ​ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាលជាមួយសិល្បករ សិល្បការិនី ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ” សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ បណ្ឌិត ក៏បានជួបសំណេះសំណាល​ និងសាកសួរសុខទុក្ខ ដល់ព្រឹទ្ធាចារ្យវីរសិល្បករ​ សិល្បការីនី ដែលមានវ័យចំណាស់ ព្រមទាំងបានផ្តល់ជូនជាថវិកាឧបត្ថម្ភមួយចំនួន ផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *