ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។
បើតាមលទ្ធផលនៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង ៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៥៨ ព្រមទាំងការបង្កើតការិយាល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៤។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានជម្រាបឯកឧត្តមអភិសន្តិបណ្ដិត ស សុខា នូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងយូរលង់ជាមួយ UNDP។ លោកស្រី ក៏បានគូសបញ្ជាក់នូវការជួយជ្រោមជ្រែងរបស់ UNDP កន្លងមក ជាមួយក្រសួងមហាផ្ទៃ ក្នុងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ការអភិវឌ្ឍអាជ្ញាធរថ្នាក់ក្រោមជាតិ ការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា តាមរយៈគម្រោងនានាផងដែរ៕SRN