Breaking News

ចាប់ខ្លួនក្មេង​ទំនើង​១០នាក់ ដែលគ្រោងធ្វើសកម្មភាពស្ទាក់វាយអ្នកដំណើរតាមផ្លូវ​ ក្នុងស្រុកសំរោងទង

កំពង់ស្ពឺ​៖​ សមត្ថកិច្ចជំនាញ​ បានបង្ហាញមុខក្រុមក្មេងទំនើងចំនួន​ ១០នាក់ បន្ទាប់ពីឃាត់ខ្លួន ខណៈពួកគេគ្រោងធ្វើសកម្មភាពស្ទាក់វាយអ្នកដំណើរនៅតាមដងផ្លូវ​ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ កាលពីកណ្តាលអធ្រាត្រថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រ​ ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ បានឱ្យដឹងថា ដោយអនុវត្ត​តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អគ្គស្នងការនគរបាលជាតិ​ និងក្រោមការបទបញ្ជាដ៏ម៉ឺងម៉ាត់របស់​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់​ស្ពឺ​ ​កម្លាំងនគរបាលស្រុកបានធ្វើការល្បាតប្រចាំ​ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។​ ក្នុងប្រតិបត្តិការល្បាតនោះកម្លាំងបានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជា១០នាក់បានជិះម៉ូតូប្រសេចប្រសាច​ និងឈរលើដងផ្លូវក្នុងគោលបំណងស្ទាក់វាយអ្នកដំណើរដែលឆ្លងកាត់ និយាយរួមគឺជួបអ្នកណា វាយអ្នកនោះ។

លោកបានបញ្ជាក់ថា​ យុវជនទាំង១០នាក់ដែលបានឃាត់ខ្លួនមាន​ ឈ្មោះ​ ខេម ខាមរ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំឈ្មោះ​ នីម ម៉េងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ ឈ្មោះ​ ដាក់ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទួលសំណាង ឃុំវល្លិ៍ស​ ឈ្មោះ​ សឿន វីរ: ភេទប្រុស អាយុ ១៩ឆ្នាំ​ ឈ្មោះ​សាត សុខណា ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ​ ឈុំ សិរីធន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ​ អ៉ឹម វិបុល ភេទប្រុស អាយុ ១៧ឆ្នាំ​ ឈ្មោះ​ នុន ស៊ុ ភេទប្រុស អាយុ ២០ឆ្នាំ ឈ្មោះ​ ខុន សុភាព ភេទប្រុស អាយុ ២០ឆ្នាំ ឈ្មោះ​ ជួប សយ ភេទប្រុស អាយុ២១ឆ្នាំ។

​ក្នុងប្រតិបត្តិការនៃការស្ទាក់ឃាត់យុវជនទំនើងទាំង១០នាក់នោះ សមត្ថកិច្ច​បានដកហូត​វត្ថុតាងមួយចំនួនមានម៉ូតូ​ ចំនួន​ ៥គ្រឿង ដាវចំនួន​ ១​ដើម ដងឆ័ត្រដែក​ ចំនួន​ ១​ដើម។

ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បច្ចុប្បន្នក្មេងទំនើងទាំង១០នាក់​ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងកំពង់ស្ពឺ​ ដើម្បីចាត់ការតាមច្បាប់រួចហើយ​ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *