ភ្នំពេញ៖ អំពីបញ្ហាក្មេងទំនើងដែលគេបានមើលឃើញមានសកម្មភាពកក្រើកនៅតាមទីសាធារណៈរាជធានី ខេត្ត ហើយត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានក្តៅបង្ក្រាបដោយមិនលើកលែងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែរំលឹកដោយដាក់បទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចអនុវត្តបង្ក្រាបដូចភ្លៀងរលឹម។
សម្តេចធិបតីនាយករដ្ឋមន្ត្រីដាស់តឿនរម្លឹកទៅកាន់មន្ត្រីមានសមត្ថកិច្ចបែបនេះ ក្នុងពេលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ដែលបានសាងសង់នៅទីតាំងភូមិសាស្ត្រភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដំណាក់កាលទី១ នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ។
សម្តេចបានគូសបញ្ជាក់ថា ដើម្បីជាចំណែកឈានទៅបំបាត់ក្មេងទំនើង គេចសាលាជាដើម សម្តេចបានសម្រេចឱ្យមានការអនុវត្តសាកល្បង ដើម្បីពង្រឹងការអប់រំថ្នាក់បឋមសិក្សាបន្ថែមម៉ោងបំប៉ននៅពេលល្ងាច២ម៉ោងទៀត ដើម្បីពង្រឹងវិន័យ និងគុណភាពការសិក្សារបស់សិស្សចៀងវាងសិស្សគេចសាលាដើរលេងច្រើន ដែលនាំឱ្យកើតមានក្រុមបងធំ បងតូច៕SRN