Breaking News

អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ ត្រូវផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ ប្រតិបត្តិ តាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ


ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ ( រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ) ដែលរៀបចំឡើងដោយសមាគម សារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (AE MSJ ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៤ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានលើកឡើងថាអ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះ ត្រូវផ្សារភ្ជាប់ ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិ តាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃនោះឡើយ។

ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានគូសបញ្ជាក់បន្ថែមទៀតថាអ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបាននូវជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃឲ្យ ដោយឡែកពាក់ព័ន្ធទៅនិងការផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬ រូបភាពបែប អាស អាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា ដោយមិនមានបិទបាំងត្រឹមត្រូវ តាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មាន ដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺជារឿងមួយដែលធ្វើឲ្យប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ប្រពៃណី សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃផងដែរ ។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានមានប្រសាសន៍លើកឡើងទៀតថា គេបានសង្កេតឃើញទង្វើ បំពានក្រមសីលធម៌វិជ្ជាជីវៈ បានកើតឡើងជារឿយៗ ក្នុងសង្គមកម្ពុជា ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែ ការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារ ដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់ នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ ក្នុងចំណោមអ្នកសារព័ត៌ មានមួយចំនួនតូច ដែលធ្វើឲ្យ វាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀត ដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានសង្កត់ធ្ងន់ថាគ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌ ដែលអ្នកប្រកបអាជីពនោះ ត្រូវ ប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ ជាងនេះទៀត អ្នកសារព័ត៌មាន ត្រូវមានទំនួលខុសត្រូវ ក្នុងការធានាថា ការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ ទន្ទឹមនិងនោះដែរអ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃ អ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ឱ្យកាន់តែរីកចម្រើន ផងដែរ។

សូមបញ្ជាក់ថាសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ បានបើកវគ្គបណ្តុះ បណ្តាលស្តីពី (រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ខែមិថុនា ឆ្នាំ ២០២៤ ដែលនេះគឺជាវគ្គបណ្តុះបណ្តាលលើកទីបី ដោយមានសិក្ខាកាមមកពីតាមបណ្តាអង្គភាពសារព័ត៌មានជាច្រើន អង្គភាពចូលរួម ដោយទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតពីគ្រូឧទ្ទេសដែលមានបទពិសោធក្នុង វិស័យសារព័ត៌មានជាច្រើនឆ្នាំ ក្នុងនោះរួមមានដូចជាលោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ លោកសាស្រ្តចារ្យ ស៊ី បរិញ្ញា លោក ស៊ុយ សុធា លោក យី ជីវ័ន្ទ និងលោក ហេង ស៊ីនិត ជាដើម ។

នៅក្នុងវគ្គបណ្តុះខាងលើនេះសិក្ខាកាមដែលបានចូលរួមទាំងអស់ក៏បានបង្ហាញនូវចំណាប់អារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំងបន្ទាប់ពីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ជាមួយគ្នានោះពួកគាត់ក៏បានលើកឡើងដែរថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មានយើង ជាពិសេសពួកគាត់ក៏បានគោរពថ្លែងអំណរគុណដល់លោកបណ្ទិតម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអឹមអេសជេ ដែលបានផ្តួចផ្តើមឲ្យមានការបើកវគ្គបណ្តុះបណ្តាលនេះ និងបានសំណូមពរសុំឲ្យលោកបណ្ទិត បើកវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ទៀត ដើម្បីឲ្យបងប្អូនអ្នកសារព័ត៌មានយើងមានឪកាសបានចូលសិក្សារៀនសូត្រ និងស្វែងយល់ពីរបៀបនៃការសរសេរព័ត៌មាន ប្រកបដោបដោយក្រមសីលធម៌ វិជ្ជាជីវៈ។

ជាចុងក្រោយលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹមអេស ជេ ក៏បានអំពាវនាវ ដោយគូសបញ្ជាក់បន្ថែមថា ការគោរពក្រមសីលធម៌ ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារ ឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាត ក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការលើកកម្ពស់តម្លៃវិជ្ជា ជីវៈ សារព័ត៌មាន ដើម្បីឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *