កណ្តាល៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបបណ្តាញសារព័ត៌មាន រស្មីស្ទឹងត្រង់ និងបណ្តាញសារព័ត៌មានមួយចំនួនទៀត ដែលបានចុះផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារចំណងជើងថា ៖ មហាជនរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំមានវាសនាទៅជាយ៉ាងណា? ដែលបានចាប់ករណីគ្រឿងញៀនទៅលើយុវជន៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវករណីខាងលើ។
បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវនិងសួរនាំបានឱ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។ ហើយលោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែមទៅថ្នាក់ជាតិដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។
អនុលោមតាមប្រកាសលេខ ០៤៩ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូតមុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក។
មូលហេតុៈ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ សិរី នាគ