Breaking News

ចាប់ខ្លួនបុគ្គលម្នាក់ និងត្រាក់ទ័រ១គ្រឿង បន្ទាប់ពីលួចភ្ជួរដីនៅតំបន់កោះរះ ដែលជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុកតាំងគោក

កំពង់ធំ៖ បុគ្កលម្នាក់ រួមនឹងត្រាក់ទ័រមួយគ្រឿង ត្រូវបានក្រុមការងារបញ្ជាការស្រាលស្រុកតាំងគោក នៃខេត្តកំពង់ធំ បានចាប់បញ្ជូនទៅឱ្យខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមការងារបានធ្វើការឃាត់ចាប់ នៅតំបន់កោះរះ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ខណ:ត្រាក់ទ័រនោះកំពុងលួចធ្វើសកម្មភាពភ្ជួរដីតំបន់៣ មិនទាន់កាត់ឆ្វៀល នៅចំណុចតាចេក ភូមិសាស្ត្រឃុំស្រឡៅ។

នេះបើយោងតាមបញ្ជាការស្រាល អោយដឹងថា ក្រុមការងារបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែប្រទះឃើញត្រាក់ទ័រមួយគ្រឿង ពណ៌ក្រហម កំពុងភ្ជួរដីនៅចំណុចតាចេក ដែលដីនេះស្ថិតក្នុងតំបន់៣ មិនទាន់កាត់ឆ្វៀលនៅឡើយ។ តាមការពិនិត្យជាក់ស្ដែង ត្រាក់ទ័រនេះបានធ្វើសកម្មភាពលួចភ្ជួរបានដីទំហំ ៩ហិចតា និង៣អា និងបានធ្វើឱ្យខួចខាតដើមខ្ទុំចំនួន ៤៥ដើម ផងដែរ។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ភួង ចាន់ធា ភេទប្រុស អាយុ៣៨ឆ្នាំ រួមនឹងវត្ថុតាង ត្រាក់ទ័រ១គ្រឿង បានធ្វើការប្រគល់ទៅឱ្យ លោក កែវ សុខឃឿន មន្ត្រីសង្កាត់ជលផលបារាយណ៍ ដើម្បីចាត់ការបន្ត។

ជុំវិញករណីនេះ ប្រភពពីខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា វត្ថុតាង និងជនសង្ស័យ ត្រូវបានជំនាញកសាងសំណុំរឿងទៅតុលាការហើយ ប៉ុន្តែជុំវិញករណីនេះដែរ មិនទាន់មានការបញ្ជាក់ថា ម្ចាស់ត្រាក់ទ័រនេះជាអ្នកស៊ីឈ្នួលភ្ជួរដី ឬយ៉ាងណានោះទេ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រឿងចក្រ ១គ្រឿង បានលួចឈួសឆាយភ្ជួរដីនៅតំបន់កោះរះ ក្នុងភូមិសាស្ត្រខាងលើនេះដែរ តែត្រូវគេដោះលែងទៅវិញ បន្ទាប់ពីម្ចាស់គ្រឿងចក្រនោះបានបញ្ជាក់ថា បានចំណាយលុយ ៤,០០០ដុល្លារ ជាថ្នូរនឹងការដោះដូរយកគ្រឿងចក្រ១គ្រឿងទៅវិញ៕SRN

 

 

Check Also

សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *