ខេត្តប៉ៃលិន៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។
សេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា បន្ទាប់ពីធ្វើ អធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃ អនុក្រិត្យលេខ ២៩ អនក្រ ចុះថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០០២ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និង ធ្វើសំណេីរបង្កេីតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើរ រឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាង លើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិ កម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ធដូចខាងក្រោម៖ ១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោម តាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្ម តាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។”
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និង បុគ្គលដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន៕