Breaking News

មរតកមនុស្សរស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត

ភ្នំពេញ៖ ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្ម ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត។

បើតាមសមាគមសិល្បករខ្មែរ បានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងជន្មាយុ ៨០ឆ្នាំចៅសូមឧទ្ទិសនូវវិញាណក្ខន្ធ លោកតាទៅបានដល់ឋានបរមសុខតទៅ។

សមាគមសិល្បករខ្មែរ បញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

សមាគមសិល្បករខ្មែរ ចាត់ទុកមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ដោយឡែកសម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា។

ជាមួយគ្នានេះដែរ ក្រសួងអប់រំយុវជននិងកីឡា បានចេញដំណឹងមរណភាព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ នាថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ។

ក្រសួងអប់រំ បានលើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារ នៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការៈចំពោះកូនចៅគ្រប់ៗ គ្នា៕SRN

 

Check Also

រកឃើញគ្រាប់៦០មីលីម៉ែត្រជាង២០គ្រាប់ និងយុទ្ធភ័ណ្ឌមួយចំនួននៅដីចំការមួយកន្លែងក្នុងស្រុកសំឡូត

Leave a Reply

Your email address will not be published. Required fields are marked *