Breaking News

អតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ អតីតសង្ឃ ពឿយ មេត្តា ត្រូវបានសមត្ថកិច្ចនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង និង យោងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

ការចាប់ខ្លួនអតីតសង្ឃ ពឿយ មេត្តា នាពេលនេះ​ ធ្វេីឡេីងក្រោយពីមានការបាតុកម្មទ្រង់ទ្រាយធំមួយមុខភូមិគ្រឹះលោកស្រីឧកញ៉ា​ សៀង​ ចាន់ហេង​ ពាក់ព័ន្ធដីវត្តនៅប្រទេសជប៉ុន​ ។

តាមប្រភពព័ត៌មានដែល ទើបទទួលបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ បានអោយដឹងថា អតីតសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើស បរិហារកេរ្តិ៍ជាសាធារណៈ , ប្រើប្រាស់ត្រាក្លែង , ក្លែងបន្លំឯកសារសាធារណៈ , ប្រើប្រាស់ឯកសារសាធារណៈក្លែង , ញុះញង់អោយមានការរើសអើង និង បាតុកម្ម តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ។

យោងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បង្ហាញថា អតីតសង្ឃ ពឿយ មេត្តា ត្រូវចូលបង្ហាញខ្លួននៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ អោយបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ មានរហូតដល់ចំនួន៩ប្រការ ។

ក្នុងសង្ឃដីកាសម្រេចនេះ គឺ បានថ្វាយប្រគល់សិទ្ធិគ្រប់គ្រងនិងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃនិងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជា តទៅ ។

ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និង ក្រុមការងារត្រូវបញ្ចប់អធិករណ៍ ការតវ៉ានិងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ក្នុងអធិករណ៍នេះ ពេលនេះតទៅ ។

សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេច នេះ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខវិន័យនិងច្បាប់ជាធរមាន» ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *