Breaking News

ក្រសួងមហាផ្ទៃទុកពេល៣០ថ្ងៃឱ្យអង្គការសង់ត្រាល់បង្ហាញគណនីធនាគាររបស់ខ្លួននៅកម្ពុជាក្រោយកម្មកររ៉ាប់ម៉ឺននាក់ដាក់ញត្តិប្តឹង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកលោកមឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)ឱ្យផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៣០ថ្ងៃក្រោយមានបណ្តឹងពីកម្មកររាប់ម៉ឺននាក់។ នេះបើយោងតាមលិខិតដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមអភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ។

លិខិតបានគូសបញ្ជាក់ថា៖”អង្គការលោកត្រូវផ្ដល់ ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួង មហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់”។

បន្ថែមពីនេះ ក្នុងករណីអង្គការមិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការ តាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថា ការចេញលិខិតរបស់ក្រសួងមហាផ្ទៃនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្ដាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និង សមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្ល ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅក្នុង ប្រទេសកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានរំលឹកអង្គការសង់ត្រាល់ថា “អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *