Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ

ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរភាពលេចធ្លោរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹងមិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទតាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយនៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។ 

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។ 

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្អឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ៕

Check Also

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី

Leave a Reply

Your email address will not be published. Required fields are marked *