ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីផ្កាយ៣ម្នាក់ ទំនងជាស្រវឹងបានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ដែលឈប់រង់ចាំស្តុបពីក្រោយរួចកិនពីលើបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្តុបផ្សារទឹកថ្លា ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1GU-0784 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បានឈប់រង់ចាំស្តុបពេលនោះដែរស្រាប់តែគេឃើញមានរថយន្តបង្ករស៊េរីទំនើបម៉ាកឡង់គ្រីស័រពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2BF-1073 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីផ្កាយ៣ ម្នាក់ទំនងជាស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសស្រាល។ ភ្លាមនោះដែរពលរដ្ឋក៏បាននាំគ្នាឃាត់ម្ចាស់រថយន្តបង្កហើយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានឲ្យភាគីសងខាងសម្របសម្រួលគ្នា ក្រោយពីសម្រួលគ្នារួចកីភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងក្នុងការជួសជុលទៅលើម្ចាស់ម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុ៕SRN