Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

ពីសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ 

ភ្ជាប់នឹងអនុសាសន៍ដូចបានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីនិន្នាការនៃការជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចបង្ក្រាបបានត្រឹមកម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះ មានដល់ទៅជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះដែលភាគច្រើនជាយុវជនតិចតួចនៅឡើយដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល បន្សាប និងស្ដារនីតិសម្បទា។ 

ក្រៅពីប្រធានបទគ្រឿងញៀន និងមណ្ឌលបន្សាប ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ណែនាំទៅកាន់ឯកឧត្តមអភិបាលខេត្តថ្មី យកចិត្តទុកដាក់ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់ និងក្រុមក្មេងទំនើង។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានទទូចឱ្យឯកឧត្តមអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់ឱ្យបានគ្រប់វិធីសាស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបាល ប្រគល់សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញទេចរក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ត្រូវធ្វើជាគម្រូក្នុងការបណ្ដុះ និងសាបព្រោះវប្បធម៌ស្អាតស្អំ តម្លាភាព និងគុណភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម៕SRN

 

 

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *