Breaking News

ទីបំផុតលោកកែវ វ៉ា មេភូមិ និងអនុប្រធានភូមិខ្ជាយ ដែលត្រូវលោកមេឃុំជាំក្រវៀន ដកតំណែងនោះ ត្រូវបានអនុញ្ញាតឲ្យបន្តការងារដូចដើមវិញហើយ

(ខេត្តត្បូងឃ្មុំ)៖ ក្រោយពីត្រូវបានលោកមេឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំការដកតំណែងអស់រយៈពេលជិត២០ថ្ងៃ ទីបំផុតលោកកែវ វ៉ា មេភូមិនិងលោក ថុង ហេង អនុប្រធានភូមិខ្ជាយបានទទួលការអនុញ្ញាត ឲ្យបន្តការងារដឹកនាំភូមិដូចដើមវិញហើយ ។ ការទទួលបានតំណែងឡើងវិញនេះក្រោយពីប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលស្រលាញ់ចូលចិត្តលោកមេភូមិខាងលើ កើតទុក្ខមិនសុខចិត្ត បាននាំគ្នាធ្វើលិខិតផ្ដិតមេដៃសុំការអន្តរាគមន៍ពីលោកអភិបាលស្រុកមេមត់។

លិខិតសុំអន្តរាគមន៍នោះបានដាក់ជូនរដ្ឋបាលស្រុកមេមត់កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយធ្វើយ៉ាងណាឲ្យលោកមេភូមិរូបនេះបានបន្តការងាររបស់ខ្លួនឡើងវិញ ហើយប្រជាពលរដ្ឋខាងលើបានរៀបរាប់ដោយខ្លីថា បច្ចុប្បន្ននេះលោកកែវ វ៉ា គឺជាមេភូមិដ៏ល្អបំរើប្រជាពលរដ្ឋមិនប្រកាន់បក្សពួក ។ ហើយគាត់បាន យកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងភូមិបានល្អ ចាប់ពីគាត់បានធ្វើជាមេភូមិមកដល់បច្ចុប្បន្ន គាត់មិនដែល បង្កការលំបាក ឬអាក់ខានក្នុងការបំរើប្រជាពលរដ្ឋឡើយ ។ ក្រោយពីទទួលបានលិខិតប្រជាពលរដ្ឋខាងលើ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អភិបាលនៃគណៈអភិបាលស្រុកមេមត់ ក៏បានចេញលិខិត១ច្បាប់ជម្រាបជូនទៅលោកមេឃុំជាំក្រវៀន ស្តីពីករណីផ្លាស់ប្តូរមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិនីមួយៗតាមបណ្តាឃុំ ។

នៅក្នុងលិខិតខាលើបញ្ជាក់ថា យោង៖ -សេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពី បែបបទ នីតិវិធីនៃការ ជ្រើសរើសមេភូមិ ការចូលកាន់មុខតំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របបរបបធ្វើការងាររបស់មេភូមិ របស់ក្រសួងមហាផ្ទៃ ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ រដ្ឋបាលស្រុកមេមត់ សូមជម្រាបមក លោក លោកស្រី មេឃុំ គ្រប់ឃុំ ជ្រាបថាៈ មុននឹងរដ្ឋបាលឃុំនីមួយៗ គ្រោង រៀបចំធ្វើការផ្លាស់ប្តូរ មេភូមិ អនុប្រធានភូមិ និង សមាជិកភូមិ ត្រូវធ្វើរបាយការណ៍មករដ្ឋបាលស្រុក ជាមុនសិន ដោយបញ្ជាក់ឲ្យច្បាស់ អំពីមូលហេតុនៃការគ្រោងធ្វើការផ្លាស់ប្តូរ អំពីកំហុសឆ្គងឲ្យបានច្បាស់លាស់ ដើម្បីរដ្ឋបាលស្រុក ពិនិត្យ និង សិក្សាអំពីអង្គហេតុ តើសមស្រប ឬក៏មិនសមស្រប តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។

រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទើបលោកអួច យឿន មេឃុំជាំក្រវៀនសម្រេចអនុញ្ញសតឲ្យលោកកែវ វ៉ា បន្តតំណែងជាមេភូមិខ្ជាយឡើងវិញ ហើយលោកមេឃុំក៏បានចេញលិខិតអញ្ជើញលោកកែវ វ៉ា និងលោក ថុង ហេង ដែលជាអនុភូមិ ដើម្បីចូលរួមកិច្ចប្រជុំទទួលការណែនាំ និងផ្តាំផ្ញើរការងារមួយចំនួននៅពេលចូលបម្រើការងារជា មេភូមិខ្ជាយបន្តទៀត។

សូមជម្រាបជូនថា កាលពីពេលកន្លងទៅមានប្រជាពលរដ្ឋចំនួន១២២គ្រួសាររស់នៅក្នុងភូមិខ្ជាយនោះដែរ បាននាំគ្នាផ្ដិតមេដៃសុំដកលោកកែវ វ៉ា ចេញ ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកលោកអួច យឿន មេឃុំជាំក្រវៀនសម្រេចដកតំណែងលោកកែវ វ៉ា តែម្ដង ។ ដោយឡែកប្រជាពលរដ្ឋទាំង១២២គ្រួសារនោះបានបញ្ជាក់ពីមូលហេតុដែលស្នើរសុំ លោកមេភូមិនោះថា ពួកគាត់ចង់បានមេភូមិថ្មីដើម្បីគ្រប់គ្រងក្នុងភូមិខ្ជាយកសិករថ្មីនេះ ចំពោះលោកមេភូមិ(កែវ វ៉ា) ពួកគាត់មិនស្អប់ខ្ពើមទេ តែឲ្យគាត់ធ្វើជាមេភូមិនៅភូមិខ្ជាយចាស់ចុះ ។ កន្លងមកលោកមេភូមិនេះតែងតែផឹកស៊ីស្រវឹង ហើយគាត់តែងតែបានជេរ តែពុំដឹងថាជេរទៅលើបុគ្គលណាមួយទេចំពោះយើងខ្ញុំទាំងអស់គ្នាពុំមានបញ្ហាអ្វីទេក្នុងរឿងនេះ ។ ដោយឡែកការធ្វើប័ណ្ណក្រីក្រ លោកមេភូមិបានរើសអើងប្រកាន់បក្សពួក រីឯការជួសជុលធ្វើផ្លូវជួសជុលសាលាបុណ្យ ដូចពុំមានការអភិវឌ្ឍន៍សោះ ពេលនេះពួកគាត់ដាក់ពាក្យនេះគឺចង់បានមេភូមិមួយរូបនៅក្នុងភូមិខ្ជាយកសិករថ្មីនេះ ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *