Breaking News

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

វៀតណាម៖ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trong) បានទទួលមរណភាពនៅវេលាម៉ោង ១: ៣៨នាទីរសៀល ថ្ងៃសុក្រ ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ នេះបើយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានវៀតណាម VN Express រួមទាំងសារព័ត៌មាន Reuters និងបណ្តាញផ្សព្វផ្សាយធំៗមួយចំនួនទៀត ។

ក្រុមប្រឹក្សាវិជ្ជាជីវៈសម្រាប់ថែទាំសុខភាពរបស់មន្ត្រីមជ្ឈិម នាថ្ងៃសុក្រនេះ បានបញ្ជាក់ថា អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលមរណភាពនៅឯមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ក្នុងរដ្ឋធានីហាណូយ បន្ទាប់ពីឈឺរ៉ាំរ៉ៃមួយរយៈកន្លងមក បើទោះបីជាលោកទទួលបានការយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលដោយបក្ស និងរដ្ឋ រួមទាំងវេជ្ជបណ្ឌិត ក៏ដូចជាអ្នកជំនាញ និងក្រុមគ្រួសាររបស់លោកក៏ដោយ ។

ដំណឹងមរណភាពរបស់លោក Trong ធ្វើឡើងបន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានលើកឡើងថា លោក To Lam ដែលជារដ្ឋវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងធ្វើជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ដោយសារតែលោក Trong ត្រូវសម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដានសុខភាព និងព្យាបាលជំងឺ។

គណៈកម្មាធិការមជ្ឈិមបក្ស សភាជាតិ ប្រធានាធិបតី រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ នឹងចេញសេចក្តីថ្លែងការណ៍ពិសេសអំពីការរៀបចំពិធីបុណ្យសពរដ្ឋជូនលោក Nguyen Phu Trong ។

គួររំឮកថា លោក Trong បានគ្រងតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីឆ្នាំ២០១១ ហើយក្នុងចន្លោះឆ្នាំ២០១៨-២០២១ លោកក៏ធ្លាប់កាន់តួនាទីជាប្រធានរដ្ឋវៀតណាមផងដែរ ប៉ុន្តែដោយសារតែអាយុកាន់តែច្រើន គួបផ្សំទាំងសុខភាពកាន់តែចុះទ្រុឌទ្រោមទៀតនោះ ក៏ធ្វើឱ្យមានការសង្ស័យជាយូរមកហើយថា លោក Trong ប្រហែលជា មិនអាចនៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ ៕

ប្រភព៖ VN Express/ Reuters

Check Also

តុលាការ សហព័ន្ធ នៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ

Leave a Reply

Your email address will not be published. Required fields are marked *