Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ បន្ទាប់ពីភាគីទាំងពីរ បានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩ មក។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងប៉េកាំង នាឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។ 

ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ 

សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ ភាគីទាំងពីរ បានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។ 

បន្ទាប់ពីអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង បានបន្តជួបពិភាក្សាទ្វេភាគីបន្ថែមទៀត។ ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។ 

ជាការឆ្លើយតប ឯកឧត្តម វ៉ាង ស៊ាវហុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់ថានៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ ឯកឧត្តម ក៏បានបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវការបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។

ទន្ទឹមនឹងការផ្លាស់ប្ដូរយោបល់គ្នាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។ 

ក្នុងបរិយាកាសប្រកបដោយមិត្តភាព ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខ សាធារណៈចិន បានអញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណប្រតិភូកម្ពុជា ពិសាអាហារនៅសណ្ឋាគារយួយអាន ទីក្រុងប៉េកាំង ដោយមានការថ្លែងសុន្ទរកថា និងកិច្ចពិភាក្សាបន្ថែមប្រកបដោយភាតររវាងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នៃភាគីទាំងពីរផងដែរ។ 

សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី។ ទស្សនកិច្ចនឹងបន្តដល់ថ្ងៃទី៧ ខែកញ្ញា ដោយឯកឧត្តមអភិសន្តិបណ្ឌិត នឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ ខេត្តគួយចូវ ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈគ័នសានហ៊ូ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ មុនអញ្ជើញមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *