Breaking News

តុលាការខេត្តស្ទឹងត្រែង បញ្ជូនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក ទៅឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធគ្រឿងញៀន

ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនលោកវរសេនីយ៍ឯក ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង រួមជាមួយកូនចៅរបស់លោកមួយចំនួនទៀត ទៅឃុំខ្លួននៅពន្ធនាគារកាំងមេម៉ាយ ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះដែរថា សំណុំរឿងរបស់នគរបាលខាងលើ ព្រះរាជអាជ្ញា និងចៅក្រមបានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយដែរ ។

លោក ឈុំ ស៊ាងហាក់ បន្តថា ចំណែកវត្ថុតាងរឹបអូសបានរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ​ ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ​ គ្រឿងញៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់ ។

ទាក់ទិញករណីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ហើយជាប់ពាក់ព័ន្ធគ្រឿងញៀនដូច្នេះ​នោះ លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានថ្លែង​ប្រាប់សារព័ត៌មាន នៅថ្ងៃទី២៤ ខែកក្តដា២០២៤នេះ បន្ថែមផងដែរថា «ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាកងរាជអាវុធហត្ថខេត្ត បានដាក់កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការលោមព័ទ្ធផ្ទះមួយកន្លែង ស្ថិតនៅផ្លូវទំនប់បេតុង ក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនលោកវរសេនីយ៍ឯក ចែម ផានិត រួមនឹងអនុប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២រូបទៀត យោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យលួចខ្សែភ្លើង និងប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួនកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *