Breaking News

ខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍ធំជាមួយនឹងតារាចម្រៀង និងប្រកួតគុនខ្មែរយ៉ាងឱឡារឹកនៅក្រុងតាខ្មៅ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

កណ្ដាល៖ លោក គួច ចំរើន អភិបាលខត្តកណ្ដាល បានថ្លែងថា រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ជាមួយនឹងតារាចម្រៀងល្បីៗ ជាច្រើននាក់ មកអង្រួននៅក្រុងតាខ្មៅ ដើម្បីអបអរសាទរព្រឹត្តិការ នៃថ្ងៃប្រវត្តិសាស្ត្របើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ថ្លែងបទសម្ភាសមកកាន់អ្នកយកព័ត៌មានប្រចាំខេត្ត នៅគ្រាដែលលោកចុះពិនិត្យមើលការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ, អភិបាលខេត្តរូបនេះបានថ្លែងថា បើកឆាកប្រវត្តិសាស្ត្រព្រែកជីកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

លោកថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកនេះ សូមបើកចិត្តទូលាយបង្កភាពងាយស្រួលដល់ក្រុមការងារជីកព្រែកនេះផង ដ្បិតថាក្រុមការងារនឹងចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ជាបន្តបន្ទាប់ មុននឹងការជីកទៅដល់ទីតាំងណានោះ ខណៈដែលព្រែកជីកហ្វូណនតេជោ ពិតជាមានសារសំខាន់ខ្លាំងណាសម្រាប់ជាតិ មាតុភូមិ និងកូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *