ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបំភ្លឺ ពាក់ព័ន្ធទៅនឹងគេហទំព័រសារព័ត៌មាន សានព្រហ្ម ដែលបានបង្ហោះវីដេអូឃ្លីប និងភ្ជាប់ដោយខ្លឹមសារថា យុវជនពីរនាក់ ត្រូវឃាត់ខ្លួន គ្រាន់តែឈ្លោះគ្នារឿងចាបចៀន ហើយគេប្តឹងទារសំណង ៥ពាន់ដុល្លារ តើសមហេតុផលដែរទេ ? កើតហេតុនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឱ្យផ្នែកជំនាញ ចុះស្រាវជ្រាវករណីខាងលើនេះ រកឃើញថា ៖
ជាករណីហិ.ង្សា ដោយចេតនា កើតហេតុ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ មានឈ្មោះ ឈុំ ឆៃណា ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ ។
ជនសង្ស័យ០២នាក់ រួមមាន ៖
១. ឈ្មោះ លេខ សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។
២.ឈ្មោះ សាក់ វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញពីរឿងហេតុថា ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង២០និង១៥នាទី ជនរងគ្រោះឈ្មោះ ឈុំ ឆៃណា បានជិះម៉ូតូតែម្នាក់ឯង ចេញពីផ្ទះទៅផ្ទះបងស្រី ឈ្មោះ ទេព ម៉ាប់ ដើម្បីទៅយកស្រាបៀរលក់ ដោយឈ្មោះ ឈុំ ឆៃណា រៀបជិះម៉ូតូចេញពីផ្ទះបងស្រី មកផ្ទះខ្លួនវិញ ពេលនោះបងស្រីឈ្មោះ ទេព ម៉ាប់ ក៏បានផ្ញើចាបបំពង ឲ្យយកទៅឲ្យភ្ញៀវម្ដុំផ្ទះយាយញឹបផង ហើយឈ្មោះ ឈុំ ឆៃណា ក៏បានយកមកដល់ផ្ទះយាយញឹប រួចក៏បានប្រគល់ឲ្យឈ្មោះ លេខ សុខា កំពុងតែអង្គុយផឹកគ្នា ប្រហែល១០នាក់ រួចឈ្មោះ លេខ សុខា បានសួរទៅឈ្មោះ ឈុំ ឆៃណា ថា ចាបហ្នឹងអ្នកណាគេកម្មង់ ? ពេលនោះឈ្មោះ ឈុំ ឆៃណា ឆ្លើយថា មីងញឹប អ្នកកម្មង់ ហើយមីងញឹប ក៏បានឆ្លើយថា គាត់អត់បានកម្មង់ទេ ហើយឈ្មោះ ឆៃណា ដឹងថា ដាក់ច្រឡំកន្លែង ក៏ទាមទារយកចាបវិញ ប៉ុន្តែចាបត្រូវបានហូបអស់ពីរបីហើយ។ ស្រាប់តែឈ្មោះ លេខ សុខា ថាអ្ហែងយកមកច្រឡំកន្លែងហើយ ចង់បង្ករឿងទៀត រួចក៏បានទាក់មាត់គ្នា ទៅវិញទៅមក ឈ្មោះ លេខ សុខា បានរុញច្រានទ្រូងឈ្មោះ ឈុំ ឆៃណា ធ្វើឱ្យដួល ហើយបានក្រោកមក ប្រត្រាយប្រតប់ ត្រូវបាន ឈ្មោះ លេខ សុខា និងឈ្មោះ សាក់ វណ្ណឌី វ៉ៃ ៣ ទៅ ៤ដៃ ហើយឈ្មោះ ឈុំ ឆៃណា បានរត់ចេញឡើងជិះម៉ូតូ ទៅផ្ទះមួយសន្ទុះក្រោយមក ឈ្មោះ ឈុំ ឆៃណា ទើបដឹងថា បាត់ទូរសព្ទ ក៏បាននាំបងពីរនាក់ ឈ្មោះ អឿន ឈ្មោះវ័យ ឲ្យជូនមករកទូរសព្ទ ពេលមកដល់ដើរចូលទៅ ឈ្មោះ លេខ សុខា បានទាញយកញញួរដើរសំដៅមក ហើយស្រែកថា ឯងមករករឿងទៀត ពេលនោះ ឈ្មោះ អឿន បានចាប់យកញញួរចេញ ហើយឈ្មោះ ឌី និង ឈ្មោះ សុខា បានរុញ និងវាយឈ្មោះ ឈុំ ឆៃណា ម្ដងទៀត នៅលើផ្លូវសាធារណៈ ហើយសមត្ថកិច្ចប៉ុស្តិ៍ដឹកនាំដោយលោក បូ ចំរើន នាយប៉ុស្តិ៍អំពៅព្រៃ បានមកអន្តរាគមន៍ ឃាត់ភាគីទាំងសងខាង ហើយបំបែកឲ្យទៅផ្ទះរៀងៗខ្លួន។ លុះព្រឹកឡើងឈ្មោះ ឈុំ ឆៃណា មិនសុខចិត្ត បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ក្រោយទទួលបានពាក្យបណ្ដឹង ក៏បានរាយការណ៍ទៅផ្នែកជំនាញព្រហ្មទណ្ឌ ហើយបានអញ្ជើញភាគីទាំងសងខាង មកសម្រុះសម្រួលគ្នា នៅប៉ុស្តិ៍ដោយភាគីខាងដើមបណ្ដឹង ទាមទារជំងឺចិត្តចំនួន ៥,០០០ដុល្លារ ទើបមិនត្រូវគ្នា ហើយបានរាយការណ៍ទៅផ្នែកជំនាញ អញ្ជើញភាគីទាំងសងខាង ទៅអធិការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធី ។
ក្រោយពីមកដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ផ្នែកជំនាញព្រហ្មទណ្ឌ ដឹកដោយលោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងផ្នែកព្រហ្មទណ្ឌ បានធ្វើការដោះស្រាយសម្របសម្រួល ប៉ុន្តែនៅតែមិនត្រូវរ៉ូវគ្នា បានបញ្ជូនសំណុំរឿង និងជនបង្ក ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ ៖ ក្រោយពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជូនជនសង្ស័យមកដល់ការិយាល័យជំនាញខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃខែឆ្នាំដដែល ។
ចំពោះការធ្វើបទសម្ភាសន៍ខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុង ហើយស្នើឲ្យសារព័ត៌មាន សានព្រហ្ម ដែលធ្វើបទសម្ភាសន៍ កែសម្រួល នូវខ្លឹមសារ ដែលបានចុះផ្សាយឡើងវិញ បើមិនដូច្នេះទេ និងមានវិធានការគោរព ជូនទៅក្រសួងព័ត៌មាន ចាត់ការតាមនីតិវិធី៕SRN