Breaking News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ « ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ »

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបមេដឹកនាំដែលជាវាគ្មិនសំខាន់ៗ និងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គ នៅកម្ពុជា។ មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានលើកពីបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។ ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងការចែករំលែកទស្សនៈសម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ប្រើថវិកាជាង ២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា បាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ ដោយសហការជាមួយផ្នែកពាក់ព័ន្ធ នឹងបង្កើតឧទ្យានសន្តិភាពមេគង្គ ក្នុងគោលបំណងបន្តលើកកម្ពស់គុណតម្លៃ នៃវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះនៃសន្តិភាព និងចែករំលែកបទពិសោធន៍សន្តិភាពទៅកាន់បណ្តាប្រទេសនានា។

សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជា និងតំបន់មេគង្គអាចផ្តល់ទស្សនទានស្តីពីការបង្កើត ស្វែងរកសន្តិភាព និងទស្សនទានផ្សេងៗ ដល់បណ្តាប្រទេសនានានៅលើពិភពលោក ដូចជា នយោបាយឈ្នះ ឈ្នះ នៅកម្ពុជាជាដើម។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។

នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញនិងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *