ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Tum Heng ដែលបានបង្ហោះមានខ្លឹមសារថា ៖ មកដល់ពេលនេះខ្ញុំរកជំនួយត្រឹម មឈូសអោយសពក្មួយប្រុសខ្ងុំមិនបាន ស្អែកត្រូវបូជាបែបណាទៅ? សូមបងប្អូនជួយជាមឈូសដល់គ្រួសារខ្ងុំផងព្រោះក្មួយប្រុសខ្ងុំបានស្លាប់ហើយដោយសារ ដុះសាច់ក្នុងខួរក្បាលពេលនេះសូម្បីតែមឈូសដាក់សពគាត់ក៏គ្មានដែរ ខ្ងុំសុំមឈូសមួយតម្លៃ 24មុឺនរៀល និងថវិកាខ្លះគ្រាន់ធ្វើបុណ្យអោយគាត់ សង្ឃឹមថាបងប្អូននិងជួយខ្ងុំតាមសិទ្ធាផង🙏
សុំមឈូស1តម្លៃ 24មុឺន 💵 😥🙏🙏
10, សីហា, 2024 ម៉ោង 9:15 នាទីនេះ
អេស៊ីលីដា.081832273
ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖ តាមការបំភ្លឺពីលោកមេឃុំ មេភូមិ ក្នុងឃុំភូមិធំ ពុំមានករណី មនុស្សស្លាប់នៅក្នុងមូលដ្ឋានដូចបានបង្ហោះផ្សព្វផ្សាយនោះទេ។
ដូច្នេះចំពោះបុគ្គលដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណចាត់ការតាមនីតិវិធី។អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕SRN