ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សមាជិក-សមាជិកា ក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល គណៈកម្មាការវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន បានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំ ពីធីសែនក្រុងពាលី និងបញ្ចុះបឋមសីលាកសាងអគារកុដិ ១ ខ្នង នៅវត្តគោកពិសីរ័ត្ន ហៅវត្តគោកអំពិល ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជាកិច្ចចាប់ផ្តើម ព្រះញាណខេមវ័ន្ត ពូន សុឃុន ព្រះចៅអធិការវត្តគោកពិសីរ័ត្ន ហៅវត្តគោកអំពិល បានមានថេរដីកាឱ្យដឹងថា វត្តគោកអំពិល បច្ចុប្បន្នស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៤៧៣ គ.ស.១៩២៩ ដែលមានផ្ទៃដីទំហំ ៤៩,៩០០ ម៉ែត្រក្រឡា ដោយគិតមកដល់ឆ្នាំ២០២៤ នេះ វត្តគោកអំពិល មានអាយុកាល ៩៥ ឆ្នាំ ហើយ ។ ព្រះចៅអធិការ ព្រះញាណខេមវ័ន្ត បានមានថេរដីកាបញ្ជាក់ថា នៅថ្ងៃនេះផងដែរ យើងបាននិងកំពុងរៀបចំពិធីសែនក្រុងពាលី និងបញ្ចុះបឋមសីលាសាងសង់កុដិ ១ ខ្នង មានទំហំ ទទឹង ១២ ម៉ែត្រ បណ្តោយ ២៦ ម៉ែត្រ កម្ពស់ ២ ជាន់ ដែលគ្រោងចំណាយថវិកាប្រមាណជា ១៨០,០០០ ដុល្លាសហរដ្ឋអាមេរិក ។ ព្រះតេជគុណ បានមានថេរដីកាបន្តថា វត្តត្រៀមការកសាងរបងជុំវិញវត្ត កសាងកុដិថ្មី ២ ខ្នងបន្ថែម ព្រមទាំងសម្អាតទីធ្លាវត្តអារាមទាំងមូលឱ្យមានសោភ័ណភាព រៀបចំកែសម្រួលប្រព័ន្ធផ្លូវ និងប្រព័ន្ធសំណង់ក្នុងវត្តឱ្យមានរបៀបរាបរយទៅតាមប្លង់មេ ព្រមជាមួយនឹងការពង្រីកផ្នែកវិស័យអប់រំ គឺវិស័យពុទ្ធិកសិក្សាក្នុងទីនេះឱ្យមានវិសាលភាពទូលំទូលាយ។
ព្រះយសសត្ថា វ៉ែន សាវឿន ព្រះចៅអធិការវត្តព្រះធាតុ និងជាព្រះវិន័យធរអនុគណខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានថេរដីកាថា វត្តអារាមក្នុងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដែលជាសាសនារបស់រដ្ឋ គឺបានដើរតួរនាទីយ៉ាងសំខាន់ក្នុងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដូចជាបង្កើតនូវចំណេះដឹង អប់រំសីលធម៌ សាមគ្គីធម៌ បណ្តុះគំនិតឯកភាពចំពោះមនុស្សជាតិគ្រប់រូប ជំរុញឱ្យមនុស្សចេះស្រឡាញ់ធម្មជាតិ គោរពសិទ្ធមនុស្ស ជាមជ្ឈមណ្ឌលអប់រំ កសាងសំណង់ បន្សល់ទុក ជាសម្បត្តិជាតិ ជាមន្ទីរពេទ្យសម្រាប់ព្យាបាលចិត្ត គំនិត ឬផ្លូវអារម្មណ៍សៅហ្មងទាំងពួងឱ្យបានស្ងប់ស្ងៀម ជាទីកន្លែងធ្វើសក្ការបូជា បណ្តុះចិត្តគំនិតឱ្យស្រឡាញ់មាតុភូមិរបស់ខ្លួន ជាទីកន្លែងសម្រាប់ ដោះស្រាយទំនាស់បដិបក្ខដោយអហិង្សា ជាកន្លែងសម្រាប់ដុសខាត់កាយវាចាចិត្តឱ្យប្រាសចាកអំពើ អាក្រក់គ្រប់យ៉ាង ជាថ្នាលសម្រាប់បណ្តុះបណ្តាលចំណេះដឹងទូទៅយ៉ាងទូលំទូលាយ វត្តអារាមបានយក ខ្នងរារាំងដើម្បីរក្សាការពារនូវវប្បធម៌ប្រពៃណីខ្មែរជាអាទិ៍ ។
នាឱកាសនោះ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានសម្តែងនូវក្តីរីករាយ និងអរគុណសន្តិភាព ដែលជាម្លប់ដ៏ត្រជាក់បំផុត សម្រាប់ការចូលរួមភ្ជាប់ឧបនិស្ស័យបុណ្យជាមួយពុទ្ធបរិស័ទ និងសប្បុរសជន ក្នុងការកសាងអគារកុដិ ១ ខ្នង ក្នុងវត្តគោកអំពិល នេះ ហើយនេះជាកម្លាំងមហាសាមគ្គីក្នុងផ្លូវព្រះធម៌ ដោយសទ្ធាជ្រះថ្លាក្នុងការចូលរួម ដែលអាចចាត់ទុកថា ជាគំរូសាមគ្គីភាពក្នុងផ្លូវព្រះធម៌សម្រាប់យុវជន និងមនុស្សជំនាន់ក្រោយ ។ លោកប្រធានសមាគមបានបន្តថា ពីមុនមក វត្តអារាមនិងសាលារៀនគឺនៅជាមួយគ្នាតែមួយ ប៉ុន្តែដោយវិវត្តន៍តាមសម័យកាល វត្តអារាមនិងសាលារៀនត្រូវបានញែកចេញពីគ្នា ។ បើទោះជាយ៉ាងនេះក្តី វត្តអារាមនៅតែបន្តជាកន្លែងផ្តល់ការអប់រំ និងចំណេះដឹងដ៏សំខាន់ដដែល ។ លោកប្រធានសមាគមបានបញ្ជាក់ថា បច្ច័យចូលរួមកម្មវិធី និងការកសាងអគារកុដិខាងលើ គឺបានមកពីកម្លាំងសាមគ្គីភាពក្នុងផ្លូវព្រះធម៌ដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគម ជាពិសេសពីលោក បឿ ចាស្ទីន រស់នៅរដ្ឋតិចសាស និងលោក ហ័ង យូឈឹង ដែលលោកតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពរបស់សមាគមជាប់ជានិច្ច ដូចជាការដាំដើមឈើ ផ្តល់កង់និងសម្ភារសិក្សា ធ្វើរបងសាលា រៀចំសួនច្បារសាលារៀន ការចូលរួមជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងការយុទ្ធប្រឆាំងកូវីដ-១៩ នាពេលកន្លងមក៕