(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយក(ថ្មី)ទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា ដែលបានមកបំពេញបេសកកម្មការងារក្នុងនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកថា ភាពជោគជ័យនៃបេសកកម្មរបស់ NPA គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យមីន ទីភា្នក់ងារ NPA បានចូលរួមបង្កើតនូវប្រវត្តិសាស្រ្តមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជា ការហ្វឹកហាត់សុនខហិតមីនដំបូងនៅកម្ពុជា និងការចូលរួមក្នុងការប្រកាសខេត្តកែបអស់មីន ជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ NPA គឺកន្លែងណាដែលប្រទេសកម្ពុជាមានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងលែងបង្កហានិភ័យដល់មនុស្ស ហើយលែងជាឧបសគ្គដល់ការអភិវឌ្ឍទៀត ព្រមទាំងបានថ្លែងអំណរគុណដល់ NPA ដែលចូលរួមផ្តល់ជំនួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាបានសិក្សាស្រាវជ្រាវ និងប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមដោយខ្លួនឯងនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ជាមួយគ្នានោះផងដែរ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលន័រវេស្សដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ក្នុងនោះរួមមានការគ្រប់គ្រងប្រព័ន្ធទិន្នន័យសកម្មភាពមីន ការរៀបចំផែនការសកម្មភាពមីន ការត្រួតពិនិត្យគុណភាព និងសមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្តជាតិថ្មី ក៏ដូចជាបន្តគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាការឆ្លើយតប លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា បានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួមចំណែកសកម្មភាពមីនរហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ទីភ្នាក់ងារ NPA នឹងបន្តគាំទ្រដល់សកម្មភាពនានាក្នុងនាមភាពរបស់កម្ពុជានៃអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីគោលដៅរួមឆ្ពោះទៅពិភពលោកមួយដែលគ្មានមីន។ មុននឹងបញ្ចប់ នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា នាពេលកន្លងមក និងអនាគត៕SRN