Breaking News

ចាប់ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ក្រោយញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាល

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានចាប់ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំម្នាក់ មកពីគណបក្សភ្លើងទៀន ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមតវ៉ាប្រឆាំងជាមួយ រាជរដ្ឋាភិបាល។

បុគ្គលរូបនេះមានឈ្មោះ ហ៊ុយ សុភ័ក្រ្ត ត្រូវបានចាប់ឃាត់ខ្លួននៅក្រុងស្ទឹងសែន ក្រោមការដឹកនាំកម្លាំងនគរបាលផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងតាមបញ្ជារបស់តំណាងអយ្យការ។ ក្រោយការចាប់ខ្លួន បុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់វិធានការតាមច្បាប់បន្តទៀត។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

ការប្រកាសរបស់ នាយឧត្តមសេនីយ៍ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន គ្រោងធ្វើកុបកម្មដោយខុសច្បាប់ នៅមុខព្រះបរមរាជរាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ កុបកម្មនេះ គ្រោងធ្វើឡើងក៏ព្រោះតែមានការបំភ្លៃថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាមាន ៤ខេត្ត ជាគម្រោងកាត់ដីឲ្យប្រទេសដទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះនៅទីនេះ ថ្នាក់ដឹកនាំនៅខាងក្រោយទាំងអស់នេះ គឺសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ ខាងផ្នែកសន្តិសុខជាតិ យើងមិនត្រូវនៅស្ងៀម យើងមិនត្រូវអព្យាក្រឹត្យ យើងត្រូវតែគាំទ្រ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នូវរដ្ឋធម្មនុញ្ញ នូវសន្តិភាព និងសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជារបស់យើង»។

លោកបានបន្តថា «នេះយើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំ មិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឲ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ នេះត្រូវចាំឲ្យច្បាស់ អំពីជំហរប្តេជ្ញាចិត្ត ពីព្រោះកងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពាររដ្ឋដាច់ខាត គ្មាននរណាអាចមកបំភ្លេចបំផ្លាញបាន តាមបែបមិនប្រជាធិបតេយ្យបានទេ»។

បើតាមនាយឧត្តមសេនីយ៍ ស ថេត លោកក៏បានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកចូលរួមតាមការអំពាវនាវរបស់ក្រុមប្រឆាំង ឱ្យធ្វើការអប់រំកូនចៅ សមាជិកខ្លួន ឱ្យចាកចេញពីក្រុមឧទ្ទាមនេះ ដើម្បីគេចផុតពីសំណាញ់ច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា៖ គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុម ដែលធ្វើកុបកម្ម ដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច»។

ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍន៍ដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ។

ជាថ្មីម្តងទៀត សូមគាំទ្ររាល់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ឃាត់ខ្លួនពួកឧទ្ទាមក្រៅច្បាប់មួយចំនួន រួចបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *