ភ្នំពេ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានព្រមានចាត់វិធាន ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ផ្លាកលេខចរាចរខេមរភូមិន្ទ» ដែលជាជនស៊ីវិល ឬជនបរទេស ។
ក្រសួងបន្ដថា អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហាន ដែលមានសិទ្ធពេញលេញ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានឱ្យដឹងថា យោងតាមអនុក្រឹត្យ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទ ទ័ពជំនាញទាំងអស់ បានជ្រាបថា អាស្រ័យដោយស្ថានភាព នៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បន្ដថា ការធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក៏បានបញ្ជាក់បន្ថែមអំពី ការប្រើប្រាស់យានយន្ត ពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ, អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ ។
ការប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់ របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕SRN