Breaking News

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ ដើម្បីទុកឱ្យកូនខ្មែរ និងអ្នកសិក្សាអំពីនយោបាយកម្ពុជា

ភ្នំពេញ៖ សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» បានកត់ត្រាទុកយ៉ាងគត់មត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងអ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ហើយជាស្នាដៃចុងក្រោយរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងពិធីនេះដែរ លោក ប៉ែន បូណា បានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» មិនមែនជារឿងប្រលោមលោក ដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែគឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នោះគឺ លោកឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់ និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ។ ដូច្នេះលោក មាស សុខុន គឺជាសាក្សីសំខាន់ ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៅក្នុងព្រឹត្តិការណ៍ទាំងឡាយដែលបានកើតនៅក្នុងសៀវភៅនេះទេ ក៏ប៉ុន្ដែលោក មាស សុខុន ក៏ជាអ្នកផ្ដួចផ្ដើម និងគំនិតឱ្យមានការចងក្រងនូវសៀវភៅឯកសារដ៏មានសារៈសំខាន់នេះ ទុកសម្រាប់កូនខ្មែរឱ្យបានអានតជំនាន់តទៅ ដែលមិនឱ្យព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ ត្រូវបានគេបំភ្លេចចោលនោះឡើយ។

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ ហើយបើតាមការកត់ត្រារបស់សៀវភៅនេះ ដែលយើងបានអាន បានដឹង គឺមានការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ដល់ទៅ៥ដង។ ក៏ប៉ុន្ដែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងជាពិសេសការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរ បានដឹងតរៀងទៅច្រើនជំនាន់តទៅមុខទៀត។

សៀវភៅនេះ​ ព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិចក៏៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះព្រឹត្តិការណ៍ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ត្រូវបានកត់ត្រាទុកយ៉ាងសំខាន់មួយនូវក្នុងប្រវត្ដិនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន «ព្រឹកនេះ ២៤កញ្ញា កាលពី២៦ឆ្នាំមុន» ព្រឹត្ដិការណ៍ធំណាស់បានកើតឡើងនៅទឹកដីខេត្តសៀមរាប នោះគឺជាអំពើប៉ុនប៉ងបានដាក់គ្រាប់បេ ៤៤គ្រាប់ ប៉ុនប៉ងបាញ់តម្រង់ទៅក្បួនរថយន្ដរបស់ សម្តេចតេជោ ប៉ុនែជាភ័ព្វសំណាងមានតែគ្រាប់តែមួយប៉ុណ្ណោះដែលបានផ្ទុះចេញ ហើយមិនចំរថយន្ដសម្ដេចនោះទេ។

សៀវភៅមួយក្បាលនេះ មានអត្ថន័យ មានតម្លៃធំធេងណាស់ គឺជាឯកសារតែមួយគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្ដិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្ដេចតេជោ ពីសំណាក់ដៃគូប្រគួតប្រជែងនយោបាយ។ តាមរយៈសៀវភៅមួយនេះ យើងបានឃើញពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង បានឃើញពីការលះបង់គ្រប់បែបយ៉ាង ការប្រឈរមុខចំពោះឧបសគ្គអំពីបញ្ហាធំៗ ជាពិសេសការប៉ុនប៉ងដល់អាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមរំលឹកដែរថា កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ កាលពី ២៦ឆ្នាំមុននេះ សម្តេច ហ៊ុន សែន បានរួចផុតពីអំពើប៉ុនប៉ងបាញ់សម្លាប់ ដោយការបញ្ជាបំផ្ទុះគ្រាប់បេ៤០ តាមប្រព័ន្ធចុចពីចម្ងាយ ហើយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃជួបជុំគ្នាដំបូងនៃគណបក្សនយោបាយធំៗទាំងបី ដែលឈ្នះឆ្នោត និងត្រូវបានចាត់ទុកថា ជាថ្ងៃដើម្បីបញ្ចប់វិបត្តិផ្ទៃក្នុង ក្រោយការតវ៉ារបស់គណបក្សចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *