Breaking News

កម្ពុជា អំពាវនាវឲ្យពិភពលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍ អនុសញ្ញាអូតាវ៉ា ពិសេសបង្កើនការចូលរួម សកម្មភាពមីន មនុស្សធម៌សកល

ញូវយ៉ក៖ តាងនាមឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានអំពាវនាវ ដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍ នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រ សេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួម ក្នុងសកម្មភាពមីនមនុស្សធម៌សកល ។

នេះបើតាមឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ នៅបុរីញូវយ៉ក នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ។

ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានមោទកភាព ទទួលបានការគាំទ្រជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ដែលកិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនា ដែលបង្កឡើង ដោយមីនប្រឆាំងមនុស្ស ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្នុងនាមជាប្រធានអនុសញ្ញា កម្ពុជានឹងអនុម័តផែនការ សកម្មភាពរយៈពេល៥ឆ្នាំបន្ទាប់ គឺ «ផែនការសកម្មភាព សៀមរាប-អង្គរ ២០២៥-២០២៩» និង សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការដឹកនាំ និងអនុវត្តអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥-២០២៩ ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក៍បានគូសបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់មីន ដែលមានប្រជាជនរងគ្រោះ ស្លាប់ និងរបួស ច្រើនជាង ៦៥ ០០០ នាក់ និងបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការអន្តរជាតិ កម្ពុជាទទួលបានជោគជ័យជាទីកត់សម្គាល់ ក្នុងវិស័យសកម្មភាពមីន និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាព សម្រាប់លំនៅឋាន និងការអភិវឌ្ឍ។ កម្ពុជា ចាត់ទុកសកម្មភាពមីន ជាកាតព្វកិច្ចមនុស្សធម៌មួយដ៏សំខាន់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី និងផ្លាស់ប្តូរជោគវាសនារបស់ប្រជាជន និងសហគមន៍ ដែលទទួលរងគ្រោះដោយសារមីន ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋមិនមែនភាគី ពិចារណាចូលរួមជា សមាជិកគ្រួសារអនុសញ្ញាអូតាវ៉ា និងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា ប្តេជ្ញាចិត្តនៅតែបន្តកៀរគរជំនួយ និង ស្វែងរកការគាំទ្រ ដល់វិស័យសកម្មភាពមីនសាកល និងកិច្ចសង្គ្រោះជនរងគ្រោះ ដោយសារមីន នៅក្នុងបណ្តាប្រទេសមួយចំនួន ដែលមានតម្រូវការ និងកំពុងប្រឈម៕SRN

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *