(ក្រុងបាវិត)៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិវាល-ភូមិសាមគ្គី អមដំណើរដោយអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារ បន្តចុះជួបគ្រួសារបក្សតាមខ្នងផ្ទះ និងសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ នៅភូមិវាល សង្កាត់ច្រកម្ទេស ខេត្តស្វាយរៀង ដែលក្នុង១គ្រួសារបក្សទទួលបានរួមមាន: ម៉ាស់ ១ប្រអប់ធំ, អាល់កុល ១ដប, ថ្នាំព្យាបាលកូវីដ-១៩ ១ប្រអប់, ថ្នាំទំលាក់សត្វល្អិត ១ប្រអប់ និងផ្លែក្រូច កន្លះកេស និងថវិការមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ឃន ជឺ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបងប្អូនដែលជាប្រធានក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស នៅក្នុងភូមិវាល ដើម្បីត្រៀមខ្លួន ឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្ដមបណ្ឌិត ឃន ជឺ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ស៊ុយ ជីហ៊ាង ជូនដល់ប្រធានក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស ព្រមទាំងអំពាវនាវឲ្យត្រៀមខ្លួន រក្សាទុកនូវអត្តសញ្ញាណប័ណ្ណឲ្យបានត្រឹមត្រូវ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ចូលរួមដំណើរការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ។
ទន្ទឹមនោះដែរឯកឧត្ដម បណ្ឌិត ឃន ជឺ និងក្រុមការងារបានស្តាប់ និងចូលរួមដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋដាក់លូមួយចំនួនក្នុងភូមិ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងផ្លែក្រូចផ្អែម ដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសនេះសូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព, បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង”, ប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣ កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាថ្មីម្តងទៀត ឯកឧត្ដម បណ្ឌិត ឃន ជឺ ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់គ្នា អញ្ជើញទៅបោះឆោ្នតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ ដើម្បីក្រុមប្រឹក្សាសង្កាត់របស់យើងមានលទ្ធភាពដឹកនាំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត៕ ដោយ៖ សិរី នាគ