កណ្តាល៖នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកល្វាឯម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង អធិការនគរបាលស្រុកល្វាឯម និងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ។
លោកវរសេនីយ៍ទោ មួង រដ្ឋា អធិការរងនគរបាលស្រុកលើកដែក ត្រូវបានប្រកាសតែងតាំងជា អធិការនគរបាលស្រុកល្វាឯម ជំនួសលោកវរសេនីយ៍ឯក ហេង សុផល អតីតអធិការស្រុកល្វាឯម ដែលត្រូវមកកាន់តំណែងជាស្នងការរងនគរបាលខេត្តកណ្តាល ។
ក្នុងឱកាសប្រារព្ធពិធីខាងលើនេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈអធិបតី លោកប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោកអភិបាលស្រុកល្វាឯម លោក-លោកស្រីស្នងការរង លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំចំណុះរដ្ឋបាលស្រុកល្វាឯម និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សរុបចំនួន១០៥នាក់ ផងដែរ ៕ដោយ៖ សិរី នាគ