ព្រះសីហនុ៖ កន្លងមកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់ព្រមានធ្ងន់ៗ ទៅបុគ្គលទាំងឡាយណាដែលដែលហ៊ានរំលោភយកដីរបស់វត្តនោះគឺលោកនឹងអនុវត្តច្បាប់ដោយមិនលើកលែងឲ្យជាដាច់ខាត។ ការលើកឡើងយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីដោះស្រាយបញ្ចប់ ករណី ដែលមានជនខិលខូចចំនួន៥នាក់ បានឃុបឃឹតគ្នារៀបជាប្រព័ន្ធក្នុងគោលបំណងលេបត្របាក់យកដីគរុភណ្ឌរបស់វត្តព្រៃប្រសិទ្ធី យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាពេលកន្លងទៅ។
ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា ព្រោះតែការទទួលស្គាល់កំហុសឆ្គងព្រមទាំងប្រគល់ឯកសារក្លែងមកឲ្យអាជ្ញាធរពាក់ព័ន្ធ និងព្រមប្រគល់ដីឲ្យមកវត្តវិញ នឹងសុំរួចខ្លួនពីទោសទណ្ឌនោះ ឯកឧត្តមអភិបាលខេត្ត ក៏ព្រមលើកលែងទោសដោយទុកឲ្យបុគ្គលទាំង៥នាក់នេះ ត្រូវតែកែខ្លួនកុំប្រព្រិតទង្វើបែបនេះតទៅទៀត។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរជួយតាមដានមើលបុគ្គលទាំង៥នាក់ផង បើពួកគេហ៊ានទៅរំលោភយកដីមិនថា ដីនោះជារបស់ប្រជាពលរដ្ឋ ឬជាដីព្រៃនិងដីវត្តជាលើកទី២ទៀតនោះទេ គឺឯកឧត្តមអភិបាលខេត្ត និងចាត់ ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
ជាក់ស្តែងប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកអង្គភាព អែស អរ អិន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា កាលពីពេលថ្មីៗនេះ មានបុគ្គលឈ្មោះ សុខ សុផល បានជួលគ្រឿងចក្រពីឈ្មោះ ហុង រ៉ា យកទៅឈួសឆាយ រំលោភយកដីរបស់វត្តសំរោងប្រសិទ្ធិឬទ្ធិ ទៀតហើយ សូម ឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយចាត់វិធានការបង្ក្រាបផង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់តទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពពីប្រជាលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត បានឲ្យដឹងទៀតថា បុគ្គលឈ្មោះ សុខ សុផល បានជួលគ្រឿងចក្រពីឈ្មោះ ហុង រ៉ា ដើម្បីយកមកឈួសឆាយរំលោភយកដីដែលជាកម្មសិទ្ធិរបស់វត្តសំរោងប្រសិទ្ធិឬទ្ធិ ដោយមិនខ្លាច ញញើតច្បាប់អីបន្តិចសោះ ដូច្នេះហើយប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទមានតែសុំឲ្យអាជ្ញាធរភូមិ-ឃុំ-ស្រុក ជាពិសេសអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន ដែលលោកតែងតែខិតខំចុះដោះស្រាយរាល់បញ្ហាផ្សេងៗជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយភាពទទួលខុសត្រូវ ខ្ពស់យកច្បាប់ជាធំមិនលំអៀង កត្តាទាំងនេះហើយទើបធ្វើប្រជាពលរដ្ឋទូទាំងខេត្តមានការជឿជាក់ លើការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តដោយក្តីគោរពបំផុត។ ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តសំរោងប្រសិទ្ធិឬទ្ធិ ទាំងអស់មានតែការសំណោមពរសូមឲ្យឯកឧត្តមមេតាជួយចុះដោះស្រាយ នឹងចាត់វិធានការចំពោះបុគ្គលឈ្មោះ សុខ សុផល ដែលហ៊ានជួលគ្រឿងចក្រទៅឈួសឆាយរំលោភយកដីវត្តខាងលើ ដោយមិនគិតបាប បុណ្យនោះតាមច្បាប់ដែលបានកំណត់ផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ០២២នេះ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានប្រាប់ឲ្យដឹងតាមរយះប្រព័ន្ធអេឡិចត្រូនិច្ចតេឡេក្រាម យ៉ាងដូច្នេះថា៖ ក្រោយពីលោកទទួលបទបញ្ជាពីលោកអភិបាលស្រុកភ្លាម លោកក៏បានដឹកនាំកម្លាំងចម្រុះចុះទៅឃាត់គ្រឿងចក្រ នឹងផ្អាសកម្មភាពឈួសឆាយបណ្តោះអាសន្នសិន ព្រោះដោយសារមានបណ្តឹងពីព្រះចៅអធិការវត្តសំរោងប្រសិទ្ធិឬទ្ធិ បានប្តឹងទៅលោកអភិបាលស្រុកកំពង់សីលា នឹងប្តឹងទៅមន្ទីរធម្មការ និងសាសនាខេត្ត។ លោកអភិបាលរងស្រុកបន្តឲ្យដឹងទៀតថា ក្រោយមកលោកក៏បានអញ្ជើញអ្នកដែលពាក់ព័ន្ធឲ្យចូលមកបំភ្លឺជាក់ ស្តែងអ្នកមីងម្នាក់ ឈ្មោះ សៀក យ៉ា បានឆ្លើយថា គាត់អត់ដឹងទេក្នុងករណីនេះហើយរឿងគ្រឿងចក្រអីនោះគាត់មិនបានដឹងទេ។ ប៉ុន្តែ លោកអភិបាលរងស្រុក ចាន់ ពន្លក បានបញ្ជាក់ថា ករណីនេះ គឺជាប់ពាក់ព័ន្ធជាមួយឈ្មោះ សុខ សុផល និងឈ្មោះ សៀក សុផល ដែលគាត់បានអះអាងថា ជាដីរបស់គាត់។
ប្រភពពីលោក ចាន់ ពន្លក អភិបាលរងស្រុក បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបានអញ្ជើញបុគ្គលឈ្មោះ សុខ សុផល និងបុគ្គលឈ្មោះ សៀក សុផល នោះចំនួនពីរដងរួចមកហើយតែពួកគាត់មិនព្រមចូលមកបំភ្លឺជាមួយរដ្ឋបាលស្រុកនោះទេ ដោយឆ្លើយថារវល់នេរវល់នោះរហូត។ ដោយឡែកបញ្ហាគ្រឿងចក្រដែលពួកគេបានជួលឲ្យទៅឈួសឆាយដី ដែលស្ថិតនៅរវង្វង់បរិវរនវត្តនោះវិញ គឺយើងមិនអាចយកមករក្សាទុកនៅសាលាស្រុកបាននោះទេ ដោយសារម៉ាស៊ីនមិនឆេះ ។ ប៉ុន្តែលោកបញ្ជាក់ថា យើងបានហៅម្ចាស់គ្រឿងចក្រមកធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរស្រុករួចហើយ ដោយម្ចាស់គ្រឿងចក្រហ៊ានធានាថាមិនឲ្យមានការចល័តចេញពីទីតាំងដែលខ្លួនបានធ្វើសកម្មភាពនោះទេ។
លោកអភិបាលរងស្រុក បានបន្តឲ្យដឹងទៀតថា រដ្ឋបាលស្រុកនឹងធ្វើលិខិតអញ្ជើញពួកគាត់ (បុគ្គលឈ្មោះ សុខ សុផល នឹងឈ្មោះ សៀក សុផល) ជាលើកទីបីបន្តទៀតហើយក្នុងករណីបើពួកគាត់មិនព្រមចូលមកសាលាស្រុកដើម្បីឆ្លើយបំភ្លឺនោះទេលោកនឹងបញ្ជូនសំណុំរឿងនេះ ទៅរដ្ឋបាលខេត្តបន្តទៀត។
ពាក់ព័ន្ធនឹងឈ្មោះម្ចាស់គ្រឿងចក្រវិញ លោកអភិបាលរងស្រុកបានប្រាប់ថា ក្នុងនាមលោកជាអាជ្ញាធរសូមរក្សាសិទ្ធិឲ្យគាត់សិន ព្រោះគាត់បានសហការជាមួយអាជ្ញាធរស្រុកបានល្អដោយមិនមានការជម្រោងជម្រះអីនោះទេ។
លោកអភិបាលរងស្រុករូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅចំបង គឺខាងបុគ្គលឈ្មោះ សុខ សុផល នោះបានជួលគ្រឿងចក្រ បានបញ្ជាឲ្យប្អូនគាត់បានបញ្ជារឲ្យតៃកុងអាអិច ចូលទៅវាយព្រៃនៅក្នុងដីរបស់វត្តនេះ បើតាមការបង្ហាញ (PV) របស់ព្រះចៅអធិការវត្តសំរោងប្រសិទ្ធិឬទ្ធិ គឺនៅក្នុងដីរបស់វត្តពិតប្រាកដ។ ដូច្នេះទើបលោកអញ្ជើញបុគ្គលខាងលើនោះ ឲ្យចូលមកចង្អុលបង្ហាញតែគាត់ មិនព្រមចូល៕ ដោយ៖ សិរី នាគ