ខេត្តកណ្ដាល៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភនូវកុំព្យូទ័រចំនួន ១២ គ្រឿង ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ដើម្បីជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការប្រើប្រាស់ប្រព័ន្ធ SARMIS សម្រាប់រៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២ឱ្យបានពេញលេញ និងទាន់ពេលវេលា ក្រោមគណៈអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដា្ឋនគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១១។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកន្លងមកតែងតែផ្ដល់ ការគាំទ្រដល់រដ្ឋបាលខេត្តកណ្ដាល ក្នុងការពង្រឹងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ឱ្យសម្រេចបានវឌ្ឍនភាព និងផ្លែផ្កាជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា កុំព្យូទ័រចំនួន ១២គ្រឿង ដែលនឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល នាពេលនេះ ក៏ជាការជួយគាំទ្របន្ថែមទៀតដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ SARMIS ឱ្យបានពេញលេញ សម្រាប់រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ ២០២២នេះ។
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាស ឱ្យអនុវត្តដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានចក្ខុវិស័យច្បាស់លាស់ គឺ “ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុ-វត្តន៍ អន្តរជាតិ” ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយផ្តោតលើ ការគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS, ការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា,ថវិកាកម្មវិធី និង អង្គភាពថវិកា, និងការអនុវត្តការផ្ទេរភារកិច្ច មុខងារ និងធនធាន។
ទន្ទឹមនឹងនោះ ឯកឧត្តម សង្ឈឹមថា កុំព្យូទ័រដែល ប្រគល់ជូនចំនួន ១២គ្រឿង នាពេលនេះ នឹងជួយសម្រួលបន្ថែមទៀតដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធ SARMIS សម្រាប់រៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២នេះឱ្យបានពេញលេញ និងទាន់ពេលវេលា ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត៕