ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ-ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា ។
អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានទទួលស្គាល់ពីភាពចាំបាច់និងសារៈ សំខាន់ក្នុងការបង្កើត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» និងបង្ហាញពីការគាំទ្រលើដំណើរការរៀបចំធម្មនុញ្ញនេះ ដើម្បីលើក កម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ទាំងអស់គ្នាបានបញ្ជាក់ពីភាពចាំបាច់ត្រូវមាន “ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្ត វិជ្ជាជីវៈរបស់ខ្លួនសំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើង ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលពីក្រសួងព័ត៌មាន និងមានការចូលរួមពី អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន សមាគមអ្នក សារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត សរុបជាង ២០០នាក់។
ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើងនិងអនុវត្តឱ្យស្របទៅនឹងពេល ដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ កំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីក ចម្រើនពីថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។ ជាក់ស្តែង ការផលិតនិងចែកចាយមាតិកាជាសាធារណៈ តាមប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គម មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បន្ថែមលើការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការរបស់រដ្ឋ និងឯកជន។ ស្ថានភាពបែបនេះបានធ្វើឱ្យសង្គមកម្ពុជាមានប្រភពចែកចាយព័ត៌មានច្រើន ទាំងផ្លូវការនិង មិនផ្លូវការ ដោយបានផ្សាយព័ត៌មានទាំងពិតនិងមិនពិត ក្នុងនោះការផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្មានការផ្ទៀង ផ្ទាត់ត្រឹមត្រូវ ការអនុវត្តផ្ទុយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើសិទ្ធិហួសព្រំដែនច្បាប់កំណត់ កំពុងនៅលាយឡំគ្នាដែល ចាំបាច់ត្រូវការគិតគូរនិងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នេះ។
ទាំងនេះបានបង្កជាផលវិបាកនានាជាបន្តបន្ទាប់ដល់ការរស់នៅប្រចាំថ្ងៃ ភាពសុខសាន្ត សណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យមានមហន្តរាយដល់សង្គមគ្រួសារ និងសង្គមជាតិទៀតផង។ សង្គមមួយមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរណ៍នូវព័ត៌មានពិត និងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់ឱ្យប្រជាពលរដ្ឋយកធ្វើជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្តក្នុងការប្រកបរបរចិញ្ចឹមជីវិត និង ការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងព័ត៌មានជាសេនាធិការលើវិស័យព័ត៌មាននិ សោតទស្សន៍ បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រង លំហព័ត៌មាន សំដៅធានាសន្តិសុខព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វ ផ្សាយឱ្យស្រប តាមសម័យកាល និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។
មានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលានាពេលនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើក ឡើងថា ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសិក្ខាសាលានេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យ ព័ត៌មាននិងសោតទស្សន៍ តាមរយៈការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយលើ សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់កិច្ចសហការរួមគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារ ព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ថាជាគោលការណ៍គ្រឹះ និងស្តង់ដាអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការធានាការអនុវត្តការប្រកបការងារប្រចាំថ្ងៃ និងតម្រង់ទិសលើការអនុវត្តក្រមសីលធម៌ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដោយភាពសុចរិត ត្រឹមត្រូវ វិជ្ជាជីវៈ និងភាព ស្របច្បាប់ ដើម្បីកសាងជំនឿទុកចិត្តលើសារព័ត៌មានកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេច ជូនអង្គសិក្ខាសាលាផងដែរអំពីគ្រោះថ្នាក់នៃការទទួលព័ត៌មានដែលត្រូវបានគេកាឡៃ គ្មានប្រភពច្បាស់លាស់ផ្សាយក្នុង គោលបំណងទុច្ចរិត ក៏ដូចជាការបំភ្លៃការពិត ការបំភាន់មតិសាធារណៈ ដើម្បីបំពុលសង្គម បានជះឥទ្ធិពលអាក្រក់ និង បង្កផលវិបាកមកលើសង្គម ពោលគឺបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ និងអសន្តិសុខក្នុងសង្គម។
ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាព័ត៌មានក្លែងក្លាយចំនួនជាងបីពាន់ករណី ក្នុងនោះករណីព័ត៌មាន ក្លែងក្លាយជាច្រើនបានកើតឡើងលើបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋបានទទួល និងមួយចំនួនបានក្លាយជា ជនរងគ្រោះដោយសារព័ត៌មានក្លែងក្លាយទាំងនោះរួចមកហើយ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ បន្ថែមថា៖«បច្ចេកវិទ្យាបានបើកឱកាសដល់អ្នកប្រើប្រាស់អ៊ីនធឺណិតបង្កើតមាតិកាជាច្រើន ជាពិសេសតាមរយៈគណនី យ៉ាងសម្បូរបែបលើបណ្តាញទំនាក់ទំនងសង្គមរបស់គេ ដែលបានយកទៅបម្រើការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈ ការផលិត និងបញ្ចេញព័ត៌មានក្លែងក្លាយផ្សេងៗជាសាធារណៈ ជាប្រចាំ ដោយមិនបានគិតដល់ហានិភ័យ និងផលវិបាក នានា ដែលព័ត៌មានកាឡៃ បំភ្លៃ បំភាន់ ទាំងនោះបានបង្កឡើងដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ព័ត៌មានឡើយ។ បានប៉ះពាល់ដល់ការទទួលព័ត៌មានពិត ប្រកបដោយគុណភាព និងសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យពង្រឹងគុណភាព និងសមត្ថភាពជំនាញ ដោយត្រូវខិតខំស្វែងរក ឱកាសទទួលបាននូវការបណ្តុះបណ្តាលស្តីពីជំនាញសារព័ត៌មាននិងក្រមសីលធម៌ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំង ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌មានពិតដើម្បីពន្យល់និងបំភ្លឺសាធារណៈជនក្នុងគោលបំណងបន្សាបព័ត៌មាន ក្លែងក្លាយទាំងនោះពីលំហព័ត៌មានក្នុងសង្គមកម្ពុជា។
ការរៀបចំសិក្ខាសាលានេះបានបើកទូលាយដល់ការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងដំណើរការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន – ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលពិគ្រោះ យោបល់បន្ត បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនិងប្រមូលធាតុចូលលើក្រមសីលធម៌ ដែលត្រូវបានរៀបចំនៅក្នុងខែមេសា
ឆ្នាំ២០២៤ កន្លងទៅរួចមក។ ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់ គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។
តាមរយៈការចូលរួមយ៉ាងផុលផុសពីអ្នកសារព័ត៌មាន តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន និង សមាគមអ្នកសារព័ត៌មាន អង្គសិក្ខាសាលាបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវចំណាប់អារម្មណ៍ទាំងអស់ ការលើកឡើង ជាយោបល់ សំណូមពរនានា និងការពិភាក្សាប្រកបដោយខ្លឹមសាររួមចំណែកផ្តល់ជាធាតុចូលបន្ថែមដល់ការរៀបចំ “ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា។ សេចក្តីព្រាងធម្មនុញ្ញនេះ មាន១២ ទំព័រ, ៦ ជំពូក, ២៩ ប្រការ។ ក្រៅពីការពិគ្រោះនិង ប្រមូលធាតុចូលដែលបានរៀបរាប់ខាងលើ ដំណើរការរៀបចំទាំងមូលបានបញ្ចូលផងដែរការស្រាវជ្រាវផ្នែកសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ផ្អែកលើមូលដ្ឋានច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការពិគ្រោះជាមួយ ករណីអនុវត្តជាក់ស្តែង ក្នុងវិស័យព័ត៌មាន អ្នកជំនាញផ្នែកក្រមសីលធម៌, អ្នកជំនាញផ្នែកច្បាប់ និងអ្នកមានបទពិសោធន៍ចាស់ទុំក្នុងវិស័យព័ត៌មាន ដែលសុទ្ធសឹងជាធាតុចាំបាច់ក្នុងដំណើរការរៀបចំ។ ធម្មនុញ្ញនេះ នឹងធានាសុខដុមនីយកម្មនិងសង្គតិភាពនៃក្រមសីលធម៌ វិជ្ជាជីវៈក្នុងវិស័យព័ត៌មាននិងសោតទស្សន៍, បង្កើតនិយាមប្រតិបត្តិរួមដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកបអាជីពក្នុង វិស័យព័ត៌មាននិងសោតទស្សន៍, រៀបចំនិងធានាសណ្តាប់ធ្នាប់របៀបរៀបរយនៃវិជ្ជាជីវៈសារព័ត៌មាន, លើកកម្ពស់គុណតម្លៃ និងឥទ្ធិពលជាវិជ្ជមាននៃវិជ្ជាជីវៈសារព័ត៌មានជាអំណាចទី៤ក្នុងសង្គមកម្ពុជា សំដៅបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាឱ្យ កាន់តែប្រសើរឡើងថែមទៀត។
បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាននឹងបន្តសម្របសម្រួលប្រមូលធាតុចូលទាំងឡាយពីអ្នកពាក់ព័ន្ធ ដែលអាច ផ្តល់យោបល់ និងធាតុចូលចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ រហូតដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន តំណាងអង្គការ UNESCO អង្គភាព សារព័ត៌មាន សមាគមអ្នកសារព័ត៌មាន និងអ្នកដែលបានមកចូលរួមក្នុងសិក្ខាសាលាទាំងអស់ ដែលបានផ្តល់មតិយោបល់ និងធាតុចូលចាំបាច់សម្រាប់ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបន្ត។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ថា ក្រោយធម្មនុញ្ញសារព័ត៌មាននេះត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀតអាចយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់ អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ សម្រាប់ឱ្យសមាជិកគោរព និងអនុវត្តតាម៕SRN