Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន បាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងសុីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជា ទទួលបានជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធាន ជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត ។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការដ៏ស្អិតល្មួតនេះ នឹងបន្តទៅមុខទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *