Breaking News

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជងខ្ពស់”  នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរជំវិញខេត្ត អង្គការជាដៃគូ គ្រូបច្ចេកទេស និងសិស្សនិស្សិតជាង ៥០០នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  បានបញ្ជាក់ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលនេះគឺមានសារៈសំខាន់ណាស់  ពោលគឺជាការចូលរួមលើកកម្ពស់ការអប់រំបច្ចេកទេស វិជ្ជាជីវៈ ហើយក៏ជាការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃ ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅថា ធីវេទ (TVET) សំដៅជម្រុញដល់ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ 

ឯកឧត្តមបាន ចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងជំរុញការលើកកម្ពស់ ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ  ដោយរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើការកែទម្រង់ស៊ី ជម្រៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយ ងាយស្រួល និងផ្ដល់ឱកាសអាចឱ្យធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បានស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។ 

ឯកឧត្តមបានឱ្យដឹងថា រាជរដ្ឋាភិបាល បានបង្កើត ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្តាលថ្មីផ្អែកលើសមត្ថភាពសម្រាប់ គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់វិស័យអាទិភាពរួមមាន៖ សំណង់ស៊ីវិល មេកានិក អគ្គិសនីនិង ថាមពល អេឡិចត្រូនិក កម្មន្តសាល បរិក្ខារ ត្រជាក់ និងកំដៅ និងធុរកិច្ច/ព័ត៌មានវិទ្យា ព្រមទាំងរៀបចំដាក់ឱ្យ ដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្ដុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធានាថា “យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តជាសេនាធិការ និងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើន ជាពិសេសការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។

លោក ច្រៀង ណារី នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានជម្រាបថា មជ្ឈមណ្ឌលមានកម្រិតបណ្តុះបណ្តាលចំនួន៣កម្រិតរួមមាន ៖

១.ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង(រយៈពេល២ឆ្នាំ)

២. ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត) ៣. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេល ៤ខែ និង១សប្តាហ៍)។ មជ្ឈមណ្ឌលមានកម្រិតជំនាញ ចំនួន៧ជំនាញរួមមាន៖ ជំនាញអគ្គិសនី បរិក្ខាត្រជាក់ សំណង់ស៊ីវិល  ពត៌មានវិទ្យា យន្តសាស្ត្ររថយន្ត ពេទ្យសត្វ និងភាសាអង់គ្លេស។

បច្ចុប្បន្ននេះក្នុងមជ្ឈមណ្ឌលមានសិស្ស និស្សិត កំពុបណ្ដុះបណ្ដាលសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង ឆ្នាំទី១ ចំនួន២៣២នាក់ ស្រី ៦០នាក់ ឆ្នាំទី២មានចំនួន ៨៤នាក់ ស្រី ១៥ ដោយឡែកថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ .២ .៣ មានចំនួន ១៣១នាក់ ស្រី៣៩នាក់៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *