ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងសាលាបឋមសិក្សាខ្ពបវែង ស្ថិតនៅភូមិខ្ពង់វែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងបានប្រគល់ប៊ិច ខ្មៅដៃ និងសៀវភៅជូនដល់សិស្សានុសិស្សជាការលើកទឹកចិត្តដែលមានសិស្សានុសិស្សសរុប ជាង៧៥៧នាក់។
ឯកឧត្តមក៏បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ ចៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងអោយបានគ្រប់ៗគ្នា។
បន្ទាប់មកឯកឧត្តមបានណែនាំដល់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសាលាដែលមានការជន់លិច ក៏ដូចជាផ្លូវមួយចំនួនក្នុងសង្កាត់ដើម្បីរកដំណោះស្រាយរំដោះទឹកចេញដើម្បីផលប្រយោជន៏សាធារណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវពិសេសនារដូវវស្សានេះផងដែរ។
ឯកឧត្តម បានបន្ថែមទៀតថាដើម្បីឆ្លើយតបទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្រុមការងារ និងត្រូវធ្វើឲ្យបានលឿន និងតម្លាភាព បំផុតព្រោះជានេះជាតួនាទីភារកិច្ចទទួលខុសត្រូវចំពោះ ជាតិ និងប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕ដោយ៖ សិរី នាគ