(បាត់ដំបង)៖ លំនៅឋានពលរដ្ឋចំនួន០១ខ្នងរួមជាមួយសម្ភារៈនិងអីវ៉ាន់ចាប់ហួយជាច្រើនគិតជាទឹកប្រាក់សរុបជិត ៦០០០០ដុល្លា ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរត់ចែកជើងគ្នាចេញអន្តរាគមន៍បាញ់ទឹកពន្លត់។
នគរបាលបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី ២៨ ខែ មិថុនា ២០២២ នៅចំនុចក្រុមទី១៤ ស្ថិតក្នុងភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ២០ម៉ែត្រ x ៣០ ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សំ ហុង ភេទប្រុស អាយុ ៦៣ឆ្នាំ រងរបួសស្រាល រស់នៅភូមិ-ឃុំកើតហេតុខាងលើ(ផ្ទះឆេះទាំងស្រុង)រួមជាមួយសម្ភារៈនិងអីវ៉ាន់ចាប់ហួយជាច្រើនគិតជាទឹកប្រាក់ប្រហែល ៥០០០០ដុល្លា នឹងប្រាក់ខ្មែរ ៣០លានរៀលផងដែរ។
លោកអធិការបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលចំនួន ១៥នាក់បានចេញយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងរថយន្តក្រុមហ៊ុនរោងម៉ាសុីន យិន ម៉ាន់ យីអាន ចំនួន០១គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ។
មូលហេតុដែលអោយកើតមានអគ្គិភ័យនេះឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយអ្វីដែលសមត្ថកិច្ចជួយអន្តរាគមន៍មិនបានទាន់ពេលដោយសាចំងាយពីស្ថានីយ៍ពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកបវេលទៅកាន់កន្លែងកើតហេតុវាមានចំងាយឆ្ងាយរហូតប្រហែល ២១គីឡូម៉ែត្រ៕SRN