ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកToyota Prius បានបើកបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុនម៉ាស្តា តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញស្ត្រីម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តម៉ាកtoyota prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-6331ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយបញ្ច្រាសផ្លូវចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1S-0471ជិះដោយបុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ(PANA)ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តមកក៏ទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕SRN