កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវសូមឲ្យមានការចូលរួមទាំងអស់គ្នា ដេីម្បីការពារសហគមន៍យេីងពីការបំពានដោយគ្រឿងញៀនខុសច្បាប់ ដេីម្បីធានាបាននូវភាពសុខសាន្តសម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ព្រោះថា បច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគតរបស់កូនចៅយើង ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់តាមរយៈការរាយការណ៍ជាសម្ងាត់ ។ ការថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៍“ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅស្រុកបាធាយ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រងឲ្យបាន ចាប់នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៍ចាត់វិធានការណ៍បង្ក្រាបឲ្យ ខាង តែបានតាមដីការបស់តុលាការ។ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួមឲ្យបានសកម្មជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសសូមចលនាប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន។ សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា សម្រាប់រូបខ្ញុំ ខ្ញុំនឹងមិនមានការយោគយល់ និងលើកលែងជាដាច់ខាតចំពោះករណីល្មើស មួយនេះ ផ្ទុយទៅវិញខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ហើយត្រូវមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អផងដែរ ៕ដោយ៖ សិរី នាគ