បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២នេះ បានស្នើឱ្យអាជ្ញាធរមីនធ្វើការផ្ដាច់ព្រាត់ទៅលើបញ្ហាដោះមីននៅកម្ពុជា ហើយចាប់ផ្ដើមដាក់ខេត្ត ស្រុក ឃុំមួយចំនួនជាតំបន់គ្មានមីន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសម្ដេចបានបញ្ជាឲ្យដាក់កម្លាំងចុះដោះមីន នៅតំបន់ឃុំប៉ោយចារ និងអាងត្រពាំងថ្ម ដើម្បីប្រកាសតំបន់នោះ ជាតំបន់គ្មានមីន និងជាតំបន់សុវត្ថិភាពឱ្យបានឆាប់បំផុតត្រឹមចុងឆ្នាំនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជំរុញឲ្យចាប់ផ្ដើមប្រកាសដាក់ ខេត្ត ស្រុក និងឃុំ ជាបណ្ដើរៗ ជាតំបន់គ្មានមីន ដោយស្នើឱ្យលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដាក់បញ្ចូលថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ ជាដំណាក់ៗខាងមុខ ដើម្បីបង្ហើយការងារដោះមីន ហើយចាប់ផ្ដើមប្រកាសបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាជាតំបន់គ្មានមីនតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមសកម្មភាពដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានមីនតាមការគ្រោងទុក៕