Breaking News

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​សម្រេចបង្កើត​ « គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន »

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ និងជាប្រធាន​អាជ្ញាធរមីន បានសម្រេចបង្កើត ​«គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន-Samdech Techo Project for Mine Action_STF – MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម – Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីនដែល មានសម្តេចតេជោជាប្រធាន។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថ្លែងថា គម្រោងនេះបានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុល ពីកាកបាទ ក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីនបានរៀប​ចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិត​សម្រាប់​កំណត់​គោល​ដៅបោសសម្អាតមីនជាអាទិភាព។

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន បញ្ជាការដ្ឋាន​កងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់​គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើ​ការបែង​ចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាព និងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *