ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយម៉ាស៊ីនបារីអេឡិចត្រូនិច និងទឹកបារីអេឡិចត្រូនិចមួយកន្លែង ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ កាលពីវេលាជាង១១ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចផ្ទះលេខ៩៧ ស្ថិតនៅតាមផ្លូវM០២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះ បានវើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១-ឈ្មោះ ចេង យី ភេទស្រី និងទី២ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស។ រួមទាំងដកហូតបានវត្ថុតាង រួមមាន៖ ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ៩០កេស។ ទឹកបារីអេឡិចត្រូនិច ចំនួន ១៣៨កេស ម៉ូតូ ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-9634 និងម៉ូតូ ០១គ្រឿងទៀត ម៉ាកស្កុបពីអាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-6738។
បច្ចុប្បន្ននេះ ជនសង្ស័យចំនួន ២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ប្រគល់ឱ្យខាងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធី៕