Breaking News

សហគមន៍ផ្តល់ជំនួយ គាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងបន្តចូលរួមបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតអង់គ្លេស ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ ក៏មានប្រសាសន៍ថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំងបានលើកឡើងអំពីបច្ចុប្បន្នភាពវិស័យសកម្មភាពមីន និងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបប្រាប់សហគមន៍ម្ចាស់ជំនួយថា អាជ្ញាធរមីន បានធ្វើការសិក្សា និងរៀបចំផែនការយ៉ាងច្បាស់លាស់ ក្នុងការប្រើប្រាស់ថវិកាម្ចាស់ជំនួយ និងថវិការបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយមិនអោយប៉ះពាល់ ឬត្រួតគ្នានោះទេ ជាពិសេសការបែងចែកកម្លាំងបោសសម្អាតមីន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅតាមគោលដៅអាទិភាព ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។

សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ជាងនេះទៅទៀត សហគមន៍ផ្តល់ជំនួយ បានគាំទ្រនូវការកំណត់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន ដោយជ្រើសយកតំបន់ទីប្រជុំជន វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *